អភិបាលខេត្តពោធិ៍សាត់ បានជម្រុញឲ្យមន្ត្រីមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវអនុវត្តតួនាទីភារកិច្ច ទៅតាមជំនាញ និងវិជ្ជាជីវៈ


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ បានជម្រុញឲ្យមន្ត្រីមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវអនុវត្តតួនាទីភារកិច្ច ទៅតាមជំនាញ និងវិជ្ជាជីវៈ ប្រកបដោយក្រមសីលធម៌ត្រឹមត្រូវ និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ជាពិសេសអភិវឌ្ឍន៍ ធនធានចំណេះដឹង ដើម្បីឲ្យសមស្របទៅនឹងសម្ភារៈបច្ចេកទេស ដែលមានការអភិវឌ្ឍន៍រីកចម្រើន ក្នុងយុគ្គសម័យបច្ចុប្បន្ន។

ការជម្រុញបែបនេះ ធ្វើឡើងក្នុងឱកាសឯកឧត្តម ម៉ៅ ធនិន អញ្ជើញប្រកាសទទួលស្គាល់ប្រធានស្តីទីមន្ទីរ ដ.ន.ស.ស ខេត្តពោធិ៍សាត់ និងជួបសំណេះសំណាលជាមួយមន្ត្រី នៃមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ប្រមាណ៦៧នាក់ ដោយបានការចូលរួមពីលោក ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្ត ទទួលបន្ទុកការងារសុរិយោដី។

ឯកឧត្តមបានស្នើដល់លោកប្រធានមន្ទីរស្តីទីថ្មី «ត្រូវយកចិត្តទុកដាក់ទប់ស្កាត់នូវរាល់សំណង់ដែលគ្មានលិខិតអនុញ្ញាត និងសំណង់ធ្វើឡើងខុសលិខិតអនុញ្ញាត ក្នុងន័យរឹតបន្តឹង ការគោរពលិខិតបទដ្ឋានគតិយុត្ត ក៏ដូចធានាឲ្យបាននូវសុខសុវត្ថិភាព និងគុណភាពជូនប្រជាពលរដ្ឋ ស្របទៅតាមគោលបំណង និងការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»៕