ពិធីចែករង្វាន់សិស្សឆ្នើមនាដំណាច់ឆ្នាំសិក្សា២០១៨.២០១៩ នៃវិទ្យាល័យ ១០មករា១៩៧៩


ថ្ងៃទី ០១ ខែ សីហា ឆ្នាំ២០១៩នេះ ឯកឧត្តមឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បាអញ្ជើញចូលរួមចែករង្វាន់ដល់សិស្សឆ្នើមនៃវិទ្យាល័យ១០មករា ១៩៧៩ ខេត្តសៀមរាប ចំនួន ២៦៤នាក់ទាំងពីរកម្រិតសិក្សា បានទទួលរង្វាន់លើកទឹកចិត្តប្រចាំឆ្នាំសិក្សា២០១៨.២០១៩ និង ការចូលរួមពីសមាគមមាតាបិតា និង អាណាព្យាបាលសិស្ស គណៈកម្មការគ្រប់គ្រង សាលា លោកគ្រូ អ្នកគ្រូ ។

ក្នុងពិធីចែករង្វាន់សិស្ស នាដំណាច់ឆ្នាំសិក្សា២០១៨.២០១៩នោះ ឯកឧត្តម ទៀ សីហា ក៏បានធ្វើការបញ្ជាក់ និង ផ្តាំផ្ញើ ដល់សិស្សានុសិស្សគ្រប់កម្រិតសិក្សាទាំងអស់ ឲ្យខិតខំយកចិត្តទុកដាក់ក្នុងការសិក្សា ដើមី្បឈានទៅការប្រឡងបញ្ចប់កម្រិត សិក្សារបស់ខ្លួន សំខាន់ចំពោះប្អូនៗ ក្មួយៗ ថ្នាក់ទី៩ ដែលត្រូវប្រឡងយកសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និង ថ្នាក់ទី១២ ត្រូវប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៨.២០១៩ នៅពេលខាងមុខនេះ ។ ឯកឧត្តមក៏បានបន្តទៀតថា ចំពោះប្អូនៗ ក្មួយៗ ដែលត្រូវប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៨.២០១៩ ត្រូវខិតខំសិក្សារៀនសូត្រ ដើមី្បប្រឡងឲ្យបានជាប់និទ្ទេស A ច្រើន នឹងទទួលបានរង្វាន់លើកទឹកចិត្តពីអាជ្ញាធរខេត្តសៀមរាប ។

ក្នុងនោះឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងថា សាលារៀននិងការសិក្សាអបរំ គឺជាឃ្លាំងនៃចំណេះដឹងទូទៅ ដែលមានលោកគ្រូ អ្នកគ្រូ ជាស្ថាបនិកផលិតធនធានមនុស្ស ក្រោមការខិតខំ លះបង់ពេលវេលា បណ្តុះបណ្តាលសិស្សានុសិស្សពីជំនាន់មួយទៅជំនាន់មួយទៀត ដើម្បីអនាគតកូនចៅប្រជាពលរដ្ឋ និងដើម្បីបុព្វហេតុនៃការអភិវឌ្ឍប្រទេសជាតិ ។ បើគ្មានការអបរំទេនោះ គឺមិនអាចធ្វើឲ្យសង្គមមួយរីកចម្រើនបានឡើយ ការសិក្សាអប់រំ ជាកូនសោរសម្រាប់បើកទ្វារអនាគត ។ រាជរដ្ឋាភិបាលបច្ចុប្បន្ន បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើ វិស័យអប់រំនេះ ដែលមានគ្រូបង្រៀនជាស្នូល ពង្រឹងវិស័យអប់រំ-សិក្សាធិការជាតិ ។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់មាតាបិតា អាណាព្យាបាលសិស្ស សូមចូលរួមជម្រុញ ដល់កូនៗរបស់ខ្លួន និង អប់រំណែនាំ ឲ្យខិតខំរៀនសូត្រ និង ជៀសឲ្យឆ្ងាយពីគ្រឿងញៀន ពីព្រោះថា ប្អូនៗទាំងនេះហើយដែលជាធន ធានមនុស្សក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសទៅអនាគត ។

ក្នុងនោះដែរ ឯកឧត្តមឧកញ៉ា បណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប បានលើកផងដែរថា បច្ចុប្បន្ននេះ កម្ពុជាកំពុងស្ថិតក្រោមដំបូលនៃសន្តិភាព នឹង មានការអភិវឌ្ឍលើគ្រប់វិស័យ ដោយកត្តានៃសន្តិភាពនេះ និងស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ។ ម៉្យាងទៀត កម្ពុជាបានកំពុងមានការផ្លាស់ប្តូររវាងអតីតកាល មកកាន់បច្ចុប្បន្ន កាល និង កំពុងមានចក្ខុវិស័យនៃការផ្លាស់ប្តូរបន្តទៀត ពីបច្ចប្បន្នសម្រាប់ទៅអនាគតផងដែរ ។

ឯកឧត្តមក៏បានបកស្រាយថា កម្ពុជាបានផ្លាស់ប្តូរពីអតីតកាល ដោយការចាកចេញពីរបបប្រល័យពូជសាសន៍ មកកាន់ជីវិតទី២ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមកិច្ចដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រ ជាមួយនឹងការផ្លាស់ប្តូរអតីតកាលដែលមានតែបាតដៃទទេ មកជាប្រទេសកំពុងអភិវឌ្ឍ និង បានផ្លាស់ប្តូរពីឋានៈនៃប្រទេសអភិវឌ្ឍតិចតួច មកស្ថិតក្នុងកម្រឹតជាប្រទេសអភិវឌ្ឍមធ្យម កម្រឹតទាប ហើយរាជរដ្ឋភិបាលកំពុងបន្តមហិច្ឆតាអភិវឌ្ឍរបស់ខ្លួន ក្នុងការជម្រុញឲ្យមានកំណើនសេដ្ឋកិច្ច ដើម្បីអនាគតកម្ពុ ជាគឺជាប្រទេសអភិវឌ្ឍ ប្រជាពលរដ្ឋនឹងបានចាកចេញពីភាពក្រីក្រ ។

បន្ទាប់ពីចំណាប់អារម្មណ៍របស់លោកឧកញ៉ា ហ៊ុយ ភៀវ ប្រធានគណៈកម្មការគ្រប់គ្រងសាលា និងជាប្រធានសភាពាណិជ្ជកម្ម ខេត្តសៀមរាប.ឧត្តរមានជ័យ និង តាមរបាយការណ៍បញ្ជាក់របស់លោក គឹម ឡេង នាយកសាលា បានឲ្យដឹងថា នៅក្នុងវិទ្យាល័យ ១០ មករា ១៩៧៩ ក្នុងឆ្នាំសិក្សា ២០១៨.២០១៩ មានសិស្សសរុប ៤ពាន់៩១៧នាក់ សិស្សស្រីមាន ២ពាន់៥៤៧នាក់ ក្នុងនោះសិស្សថ្នាក់ទី៧ មាន១២ថ្នាក់ មានសិស្ស ៦៩២នាក់ ស្រី៣៥៨នាក់ ,ថ្នាក់ទី៨ មាន១២ថ្នាក់ មានសិស្ស ៦៣៨នាក់ ស្រី៣១១នាក់ ,ថ្នាក់ទី៩ មាន ១០ថ្នាក់ មានសិស្ស៥៩៦នាក់ ស្រី ៣១៥នាក់ និង ត្រូវប្រឡងយកសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ៥៦៧នាក់ ស្រី៣០៧នាក់ ដោយដកបេក្ខភាពមិនឲ្យប្រឡង ២៩នាក់ ស្រី០៨នាក់ ។ ចំពោះថ្នាក់ទី១០ មាន១៧ថ្នាក់ មានសិស្ស ១ពាន់២៧នាក់ ស្រី៥២៥នាក់ , ថ្នាក់ទី១១មាន ១៧ថ្នាក់ មានសិស្ស ៩៩២នាក់ ស្រី៥០៨នាក់ និង ថ្នាក់ទី១២ មាន ២០ថ្នាក់ មានសិស្ស ១ពាន់៤៥នាក់ ស្រី ៥៤៧នាក់ ហើយសិស្សត្រូវប្រឡងយកសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ចំនួ១ពាន់៥នាក់ ស្រី៥២៩នាក់ និង ដកបេក្ខភាពមិនឲ្យប្រឡង ៤០នាក់ ស្រី១៨នាក់ផងដែរ ។ ចំពោះសិស្សទាំងពីរកម្រិតដែលទទួលរង្វាន់លើកទឹកចិត្តនាឆ្នាំសិក្សា២០១៨. ២០១៩នេះ ចាប់លេខ១ លេខ២ និងលេខ៣ មានចំនួន ២៦៤៦នាក់ ក្នុងចំណោមសិស្សសរុប ៨៨ថ្នាក់ ។

ក្នុងពិធីនោះដែរឯកឧត្តមឧកញ៉ាបណ្ឌិត សៀង ណាំ និង ឯកឧត្តម ទៀ សីហា ក៏បានធ្វើការឧបត្ថម្ភដល់សិស្សដែលបានឆ្លើយត្រូវនឹងសំណួរដែលបានលើកឡើង ពីជីវប្រវត្តិនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានឧបត្ថម្ភដល់កម្មវិធី នូវទឹកប្រាក់ចំនួន ១០លានរៀល ដល់សាលាផងដែរ ៕