គណៈប្រតិភូក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយនឹងមេឃុំ ជំទប់ទី១ ជំទប់ទី២ សមាជិក និងអ្នកទទួលបន្ទុកការងារស្ត្រី និងកុមារ


នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ គណៈប្រតិភូក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកា និងជាប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា អមដំណើរដោយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយនឹងមេឃុំ ជំទប់ទី១ ជំទប់ទី២ សមាជិក និងអ្នកទទួលបន្ទុកការងារស្ត្រី និងកុមារ ព្រមទាំងស្មៀនឃុំផងដែរ នៅសាលាឃុំសំរោង ស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់។

ការជួបពិភាក្សានេះ មានគោលបំណងដើម្បីសិក្សាឈ្វេងយល់ និងប្រមូលព័ត៌មាន បញ្ហាប្រឈម និងរិះរកដំណោះស្រាយទាក់ទង និងបញ្ហាដូចជា៖ ការអនុវត្តច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារ និងការបែងចែកមរតកសាសន៍ ព្រមទាំងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្រាប់ត្រៀមរៀបចំវេទិកា នៅភូមិភាគទី៧ ខេត្តពោធិ៍សាត់ នាពេលខាងមុខនេះ៕