កិច្ចប្រជុំប្រចាំខែស្តីអំពីការសិក្សាបុរេសមិទ្ធិលទ្ធភាពលើគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ជាមួយក្រុមទីប្រឹក្សារបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)


ថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំប្រចាំខែ ស្តីអំពីការសិក្សាបុរេសមិទ្ធិលទ្ធភាពលើគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញជាមួយក្រុមទីប្រឹក្សារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយមានការចូលរួមពីតំណាងកំពង់ផែស្វយ័តក្រុងព្រះសីនុ តំណាងកំពង់ផែស្វយ័តភ្នំពេញ មន្ត្រីជាន់ខ្ពស់ក្រសួង និងភាគីពាក់ព័ន្ធផងដែរ។

ជាកិច្ចចាប់ផ្តើម ក្រុមទីប្រឹក្សារបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានធ្វើបទបង្ហាញអំពីបច្ចុប្បន្នភាពគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ការវិភាគស្ថានភាពគម្រោង ការចរាចរណ៍ដឹកជញ្ជូនទំនិញនៅកម្ពុជា កម្លាំងចលករនៃការនាំចេញនាំចូលទំនិញ ការស្តុកទំនិញនៅផែស្ងួត ឃ្លាំងស្តុកទំនិញ និងការព្យាករណ៍អំពីតម្រូវការកុងតឺន័រ។

លោកជំទាវរដ្ឋលេខាធិការ បានស្នើឱ្យសមាជិកសមាជិកានៃគណៈកម្មាធិការភស្តុភារកម្មជាតិ និងភាគីពាក់ព័ន្ធផ្តល់ធាតុចូលសំខាន់ៗដើម្បីឱ្យគម្រោងសិក្សានេះទទួលបានលទ្ធផលល្អ និងដាក់ជូនថ្នាក់ដឹកនាំក្រសួងធ្វើការពិនិត្យ ឈានទៅបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញប្រកបដោយជោគជ័យ សំដៅដោះស្រាយបញ្ហាប្រឈមផ្នែកភស្តុភារកម្មនៅរាជធានីភ្នំពេញ ពិសេសអាចកាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញនៅកម្ពុជា។

សូមជម្រាបជូនថា៖ រាជរដ្ឋាភិបាលកំពុងពិនិត្យលទ្ធភាពក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PPLC) ក្នុងគោលបំណងដោះស្រាយបញ្ហាភស្តុភារកម្មសំខាន់ៗដែលរាជធានីភ្នំពេញកំពុងជួបប្រទះ នាបច្ចុប្បន្នដូចជាបញ្ហាកកស្ទះចរាចរណ៍នៃយានយន្តដឹកជញ្ជូនធំៗ (កុងតឺន័រ) ដោយសារសេដ្ឋកិច្ចមានកំណើនយ៉ាងរហ័សចាប់តាំងពីឆ្នាំ២០១៤ ជាពិសេសកំណើនរំហូរវិនិយោគិនពីបរទេស (FDI) ការរីកចម្រើនឧស្សាហកម្មសំណង់ និងវាយនភណ្ឌជាដើម៕