អគ្គនាយកអាជ្ញាធរជាតិអប្សរាចូលរួមបើកទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពខ្មែរលើកទី៦


នៅព្រឹកថ្ងៃទី៤ សីហា ឆ្នាំ២០១៩នេះ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ បានចូលរួមក្នុងពិធីបើកទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពខ្មែរលើកទី៦ ដែលធ្វើឡើងនៅមុខប្រាសាទអង្គរវត្ត។ ពិធីនេះមានការចូលរួមជាអធិបតីភាពពីឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប សមាជិកក្រុមប្រឹក្សាខេត្ត រួមនិងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។

នៅក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពខ្មែរលើកទី៦មានការចូលរួមពីអត្ដពលិកជាង ៣,៥០០នាក់ មានការកើនឡើង១៥ភាគរយធៀបនឹងឆ្នាំទៅ ដែលឆ្នាំនេះមកពីបណ្ដាប្រទេសចំនួន៥០។ ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពខ្មែរ ត្រូវបានរៀបចំធ្វើជារៀងរាល់ឆ្នាំនៅខេត្តសៀមរាប ហើយព្រឹត្តិការណ៍នៅឆ្នាំនេះ គឺធ្វើឡើងដើម្បីស្វែងរកមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាតំបន់ទេសចរណ៍កម្ពុជា ពិសេសខេត្តសៀមរាបតែម្ដង។ ជាមួយគ្នានេះ ទិវានេះក៏ធ្វើឡើងក្នុងបំណងកិច្ចការពារបរិស្ថានបៃតងក្នុងរមណីយដ្ឋានអង្គរ និងអបអរដំណើរឆ្ពោះទៅកាន់ស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផង៕