សមាជិករដ្ឋសភាស្វែងយល់ពីការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងខេត្តមណ្ឌលគីរី


ថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០១៩ គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា(គណៈកម្មការទី៣)ដឹកនាំដោយឯកឧត្តម ហ៊ូ ស្រ៊ី អនុប្រធានគណៈកម្មការនៃរដ្ឋសភា បានធ្វើទស្សនកិច្ចនិងពិនិត្យមើលការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃកែវសីមានៅក្នុងខេត្តមណ្ឌលគីរី។ សមាជិករដ្ឋសភាបានស្វែងយល់ផងដែរអំពី​សក្តានុពលក្នុងការលក់ឥណទាន (REDD+) ក្នុងតំបន់ការពារធម្មជាតិ ដែនជម្រកសត្វព្រៃកែវសីមានេះផងដែរ។ ប្រតិភូបានទទួលការស្វាគមន៍ដោយដោយឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន តំណាងអង្គការ WCS តំណាងអាជ្ញាធរខេត្ត មន្ទីរបរិស្ថាន ស្ថាប័ន្នពាក់ព័ន្ធ និងសហគមន៍មូលដ្ឋាន ជាច្រើននាក់ផងដែរ។ ឯកឧត្តម រ័ត្ន វិរៈ បានលើកឡើងពីការយកចិត្តទុកដាក់របស់ក្រសួងបរិស្ថានលើការគ្រប់គ្រងធនធានធម្មជាតិ ស្រមតាមគោលនយោបាយរបស់រាជរដ្ឋភិបាល ជាពិសេសការប្រឹងប្រែងបោះបង្គោលព្រំដែនតំបន់ការពារ និងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ដើម្បីចូលរួមកាន់តែប្រសើរកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ។
ឯកឧត្តម ហ៊ូ ស្រ៊ី បានកោតសរសើរដល់ការខិតខំរបស់ក្រសួងបរិស្ថានក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ សត្វព្រៃ ឲ្យកាន់តែសំបូរនៅតាមតំបន់ការពារធម្មជាតិ ជាពិសេសនៅក្នុងដែនជម្រកសត្វព្រៃកែវសីមាក្នុងខេត្តមណ្ឌលគីរី។ ឯកឧត្តមបានសង្កត់ធ្ងន់ផងដែរថាគម្រោងលក់ឥណទានកាបោន (REDD+) ដែលរាជរដ្ឋាភិបាលបានអនុវត្តន៍ ក្នុងតំបន់ការពារធម្មជាតិ បានលើកស្ទួយជីវភាពប្រជាសហគមន៍កាន់តែប្រសើរឡើង ពិសេសបានរក្សាព្រពៃណី ទំនៀមទម្លាប់បងប្អូនជនជាតិដើមភាគតិច រស់នៅក្នុងដែនជម្រកសត្វព្រៃកែវសីមានេះផ្ទាល់តែម្តង។
ឯកឧត្តម អនុប្រធានគណៈកម្មការទី៣នៃរដ្ឋសភា បានលើកទឹក ចិត្តដល់មន្ត្រីឧទ្យានុរក្សក្នុងតំបន់ការពារធម្មជាតិ បន្តយកចិត្តទុក​ដាក់ការពារ និងអភិរក្សធនធានធម្មជាតិ ឲ្យបាននៅគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយ។ ជាមួយគ្នានេះប្រតិភូសមាជិករដ្ឋភាជាតិ និងពិនិត្យ ស្វែងរកដំណោះស្រាយ និងធ្វើអន្តរាគមន៍បន្ថែមលើបញ្ហាប្រឈម សំពាធនៃការរងផលប៉ះពាល់ពីបទល្មើស ការកាប់ទន្ទានដីពីសំណាក់ជនខិលខូចមួយចំនួន ដែលមានការកើតឡើងនៅតំបន់ការពារធម្មជាតិផងដែរ។