អភិបាលខេត្តមណ្ឌលគិរី បាននាំយកថវិកាសមាគមមន្រ្តីរាជការស៊ីវិល ផ្តល់ជូនក្រុមគ្រួសារសព លោក ព្រាប សីម សមាជិកក្រុមប្រឹក្សាក្រុងសែនមនោរម្យ


មណ្ឌលគិរីះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានសមាគមមូលដ្ឋានសាលាខេត្ត រួមទាំងមន្រ្តីរាជការក្រោមឪវាទ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព លោក ព្រាប សីម សមាជិកក្រុមប្រឹក្សាក្រុងសែនមនោរម្យ ដែលបានទទួលមរណៈភាព ក្នុងជន្មាយុ៧៥ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានសព ស្ថិតនៅភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ការបាត់បង់លោក ព្រាប សីម សមាជិកក្រុមប្រឹក្សាក្រុងសែនមនោរម្យ គឺជាការបាត់បង់ថ្នាក់ដឹកនាំក្នុងក្រុងមួយរូប ដែលកន្លងមកបានលះបង់ពេលវេលា កំលាំកាយ ប្រាជ្ញា ស្មារតី ដើម្បីជួយកិច្ចការសង្គមជាពិសេស បានបំរើប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្រៅពីបានចូលរួមរំលែកទុក្ខជូនក្រុមគ្រួសារសព ឯកឧត្តមអភិបាលខេត្ត បាននាំយកថវិកាសមាគមមន្ត្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃចំនួន៤.៥០០.០០០រៀល និងថវិកាសាលាខេត្តចំនួន៥០ម៉ឺនរៀល និងអង្គរ៥០គីឡូក្រាម ផ្តល់ជូនគ្រួសារនៃសព ដើម្បីចាត់ចែងនៅក្នុងពិធីបុណ្យតាមប្រពៃណី។