អាស៊ានជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម និងព្រៃឈើ


កាលពីថ្ងៃទី៥ ខែសីហា កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ពិសេសនៃកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្តីពីកសិកម្ម និងព្រៃឈើលើកទី៤០ (Special SOM-AMAF) បានធ្វើឡើងនៅខេត្ត Thua Thien-Hue ភាគកណ្តាលប្រទេស    វៀតណាម។

ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំគណៈប្រតិភូចូលរួមចំនួន ១៣០នាក់ មកពី ១០ប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ថ្នាក់ដឹកនាំក្រសួងកសិកម្ម និងព្រៃឈើនៃបណ្តាប្រទេសនៅ  អាស៊ាន និងតំណាងមកពីអង្គការអន្តរជាតិនានា។

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមដែលធ្វើជាប្រធាននៃកិច្ចប្រជុំ AMAF លើកទី៤០ និងកិច្ចប្រជុំរវាង AMAF និងរដ្ឋមន្រ្តីក្រសួងកសិកម្មនៃប្រទេសចិន ជប៉ុន និងសាធារណៈរដ្ឋកូរ៉េ លើកទី១៨ (AMAF3 លើកទី១៨) បានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពកិច្ចសហប្រតិបត្តិការរបស់ AMAF និង      អាស៊ាននៅក្នុងកិច្ចការទូទៅ។

ភ្លាមៗបន្ទាប់ពីពិធីបើកកិច្ចប្រជុំនេះ បណ្តាមន្រ្តីទាំងអស់បានពិភាក្សា នឹងស្នើឡើងនូវអាទិភាពមួយចំនួនក្នុងវិស័យកសិកម្ម និងព្រៃឈើ ដូចជាការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងពាណិជ្ជកម្មតាមព្រំដែន ការធ្វើឱ្យមានលក្ខណៈស្តង់ដារនៃគុណភាពទំនិញ សុវត្ថិភាពចំណីអាហារ នឹងការបែងចែករុក្ខជាតិ និងសត្វនៅក្នុងតំបន់អាស៊ាន ព្រមទាំងធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងសុវត្ថិភាពចំណីអាហារនៅក្នុង​ចំណោមប្រទេសទាំងអស់។

ពួកគេបានផ្លាស់ប្តូរបទពិសោធន៍គ្នានៃគំរូការអភិវឌ្ឍជនបទ និងកសិកម្ម ដែលឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ហើយគណៈប្រតិភូក៏បានពិនិត្យមើលឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ានក្នុងវិស័យកសិកម្ម និងព្រៃឈើ ចាប់តាំងពីកិច្ចប្រជុំ AMAF 40 ដែលបានធ្វើឡើងនៅទីក្រុងហាណូយកាលពីខែតុលាឆ្នាំមុន។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំពិសេស SOM-AMAF ដែលមានរយៈពេលពីរថ្ងៃនេះ គណៈប្រតិភូក៏នឹងអនុម័តលើយុទ្ធសាស្ត្រ និងគោលនយោបាយកិច្ចសហប្រតិបត្តិការក្នុងតំបន់ ផ្តល់សច្ចាប័នលើផែនការប្រតិបត្តិការរបស់ក្រុមការងារពិសេស និងពិចារណាទៅលើបញ្ហាពាក់ព័ន្ធសំខាន់ៗនានាផងដែរ។