ប្រធានាធិបតីស្រីលង្កា នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែសីហាខាងមុខ


តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា នឹងអញ្ជើញ​មកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និង​សហប្រតិបត្តិការអន្ដរជាតិ។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ឯកឧត្តមប្រធានាធិបតី នឹងចូលគាល់ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះប​រមរាជវាំង។ ឯកឧត្តមប្រធានាធិបតី នឹងជួបប្រជុំទ្វេភាគីជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងអំឡុងពេលនោះ កិច្ចសហប្រតិបត្តិការទ្វេភាគី​ នៅក្នុង វិស័យជាច្រើននឹងត្រូវលើកយកមកពិភាក្សាសំដៅពង្រឹងថែមទៀតនូវចំណងទាក់ទងមិត្តភាព រវាងប្រទេសទាំងពីរ ដែលបានចងភ្ជាប់គ្នាយ៉ាងជ្រាលជ្រៅតាមរយៈព្រះពុទ្ធសាសនា។ ថ្នាក់​ដឹកនាំទាំងពីរ ក៏នឹងធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការព្រួយ​បារម្ភ និងផលប្រយោជន៍រួមផងដែរ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ឯកឧត្តមប្រធានាធិបតី និង​សម្តេចតេជោនាយករដ្ឋមន្រ្តី នឹង​អញ្ជើញធ្វើសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន។

ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា ឯកឧត្តមប្រធានាធិបតី ​នឹងអញ្ជើញទៅកាន់​វត្តលង្កា និងប្រគេនសម្តេចព្រះមហាអរិយវង្ស សៅរ៍ ច័ន្ទថុល្ល ព្រះចៅអធិការវត្តលង្កា នូវកូន​ដើមពោធិ៍នៃមហាពោធិព្រឹក្សពីក្រុងអនុរាធបុរៈ។ បន្ទាប់មក ឯកឧត្តម នឹងអញ្ជើញចូលរួមក្នុង​ពិធីដាំដើមឈើតំណាងប្រទេសស្រីលង្កា នៅមជ្ឈមណ្ឌលវិបស្សនាភ្នំឧត្តុង្គ ដែលទទួល​អំណោយដើមឈើប្រភេទនេះចំនួន១០ដើម ពីឯកឧត្តមប្រធានាធិបតី។

ជាមួយគ្នានេះដែរ ឯកឧត្តម ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា និងសមាជិក​គណៈ​ប្រតិភូ ក៏នឹង​អញ្ជើញទៅទស្សនា​ប្រាសាទនានានៅក្នុងឧទ្យានអង្គរ ក្នុងខេត្តសៀមរាបផងដែរ។

សូមបញ្ជាក់ថា ទស្សនកិច្ចលើកដំបូងមកកាន់កម្ពុជារបស់​ឯកឧត្តមប្រធានាធិបតី ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា នាពេលនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការ​ពង្រឹងចំណងមិត្តភាព និង​ពង្រីកកិច្ចសហ-ប្រតិបត្តិការនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ រវាងកម្ពុជា​និងស្រីលង្កា៕