កូនត្រីពូជ ៥ម៉ឺនក្បាល និងមេពូជ ១០០គីឡូក្រាម ត្រូវបានព្រលែងចូលទៅក្នុងអាងទឹកទំនប់ទឹក ១មករា ខេត្តកំពង់ធំ


(កំពង់ធំ)៖ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញព្រលែងមេត្រី និងកូនត្រីពូជនៅអាងទំនប់ទឹក ១មករា ស្ថិតនៅភូមិស្នោ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណ ៥០០នាក់។

ឯកឧត្តម ប៉ែន វ៉ាន់រិទ្ធ នាយខណ្ឌរដ្ឋបាលជលផល បានឲ្យដឹងថា អាងទំនប់ទឹក ១ មករា នេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៦ អាចរក្សាទឹករហូតដល់ចំនួន ៣៩.០០០.០០០ម៉ែត្រត្រីគុណ មានលទ្ធភាពស្រោចស្រពផ្ទៃដីស្រែប្រាំងនិងវស្សា ២.៥០០ហិចតា លើ ១៤ឃុំ ក្នុងនោះស្រុកបារាយណ៍ ១១ឃុំ និងសន្ទុក ៣ឃុំ។ ជាលើកទី ១៧ហើយ ដែលរដ្ឋបាលជលផល បានរៀបចំប្រារព្ធពិធីលែងកូនត្រីពូជចំនួន ៥០.០០០ក្បាល ក្នុងនោះកូនត្រីឆ្ពិន៤៥.០០០ក្បាល និងកូនត្រីប្រលូង ៥.០០០ក្បាល ត្រីមេពូជ ចំនួន១០០គីឡូក្រាម មានត្រី ក្រាញ់ ត្រីផ្ទក់
ត្រីអណ្ដែង អន្ទង់។ ការលែងកូនត្រី និងមេពូជថ្ងៃនេះ ដើម្បីធ្វើឲ្យអាងទំនប់ទឹកនេះកាន់តែសម្បូរត្រី ដែលជាប្រយោជន៍បម្រើសេចក្តីត្រូវការហូបចុកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះផងដែរ។

ឯកឧត្តម សុខ លូ បានលើកឡើងថា ការប្រារព្ធពិធីលែងកូនត្រីពូជនេះ ត្រូវបានរៀបចំឡើងចំពេលរដូវបិទនេសាទទូទំាងប្រទេស លើកលែងតែការធ្វើនេសាទជាលក្ខណៈគ្រួសារ ដើម្បីបង្កលក្ខណៈឲ្យហ្វូងមច្ឆាជាតិទំាងឡាយ មានលទ្ធភាពបន្តពូជសម្រាប់ឆ្នាំក្រោយៗបន្តទៀត ជាពិសេសក្នុងគោលបំណងដើម្បីបំផុសមហាជនឲ្យមានស្មារតីចូលរួមការពារ អភិរក្ស និងអភិវឌ្ឍន៍ធនធានជលផល ឲ្យមានការប្រសើរឡើង ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល បានរៀបចំកម្មវិធីកំណែទម្រង់វិស័យជលផល ដោយបានលុបឡូតិ៍នេសាទទំាងអស់ ហើយបានប្រគល់សិទ្ធិអំណាចទៅឲ្យសហគមន៍គ្រប់គ្រង និងរៀបចំផែនការសម្រាប់អភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន។

ឯកឧត្តមបន្ថែមទៀតថា ក្នុងនាមជាមន្រ្តីខណ្ឌជលផលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ត្រូវមានភារកិច្ចធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីជលផល លិខិតបទដ្ឋានគតិយុត្តិ ជូនដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ ត្រូវធ្វើការបង្កា្របបទល្មើសនេសាទឲ្យមានប្រសិទ្ធិ ដោយធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំង និងមន្ទីរជាប់ពាក់ព័ន្ធ ធ្វើការបំផុសការអភិវឌ្ឍ វារីវប្បកម្ម ពង្រឹងសម្ថភាពដល់មន្រ្តីជំនាញ សហគមន៍នេសាទដែលបានបង្កើតរួចជាស្រេចឲ្យបានរឹងមាំ រៀបចំការបោះបង្គោលព្រំកន្លែងអភិរក្ស និងកន្លែងនេសាទគ្រួសារឲ្យបានច្បាស់លាស់ ត្រូវចាត់វិធានការ លើជនល្មើសបំផ្លាញព្រៃលិចទឹក និងរក្សាព្រៃលិចទឹកឲ្យបានគង់វង្ស ជាពិសេសគឺធ្វើការទប់ស្កាត់ និងអំពាវនាវដល់បងប្អូនកុំឲ្យ ធ្វើការនេសាទខុសច្បាប់ដោយប្រើឧបករណ៍ឆក់ និងស្បៃមុងដែលនាំឲ្យវិនាសពូជត្រីទាំងស្រុង នាពេលអនាគត ។

ប្រជាពលរដ្ឋមានការអប់អរសាទរ ចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត ជាពិសេសខណ្ឌរដ្ឋបាលជលផល ដែលបានរៀចំពិធីលែងកូនត្រីពូជនេះដើម្បីធ្វើឲ្យមានការកើនឡើងវិញ នូវមច្ឆាជាតិផងដែរ៕