ទំនាស់ដីធ្លីដ៏រាំរ៉ៃអស់រយៈពេល២០ឆ្នាំ រវាងប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ត្រូវបានបញ្ចប់ជាស្ថាពរ និងទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី ពីអាជ្ញាធខេត្តបាត់ដំបង


ព្រឹកថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិដីធ្លី)ជូនប្រជាពលរដ្ឋ ស្ថិតក្នុងភូមិព្រៃព្រាល ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរជំនាញ គណៈអភិបាលស្រុកបវេល និងស្រុកបាណន់ ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋផងដែរ។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ករណីទំនាស់ដីធ្លីដ៏រាំរ៉ៃ រវាងប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ក្នុងភូមិព្រៃព្រាល ឃុំឃ្លាំងមាស ស្រុកបវេល ពីឆ្នាំ១៩៩៨ មកដល់ឆ្នាំ២០១៨ អស់រយៈពេល២០ឆ្នាំ ត្រូវបានអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្រ្តីជំនាញ ពិសេសរដ្ឋបាលខេត្តបាត់ដំបង បានខិតខំធ្វើការដោះស្រាយបញ្ចប់រាល់ទំនាស់ទាំងនោះ ដោយមានការយោគយល់គ្នា មានការសម្បទានគ្នាទៅវិញទៅមក ប្រកបដោយជោគជ័យ ឈានដល់ធ្វើការផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ និងបន្តជំរុញឲ្យអាជ្ញាធរ មន្រ្តីជំនាញធ្វើការដោះស្រាយបញ្ចប់ទំនាស់នៅតាមបណ្តាស្រុកនានាបន្ថែមទៀត។

ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមទៀតថា ទោះជាទំនាស់ដីធ្លីនៅកន្លែងមួយចំនួន និងនៅតាមស្រុកនានា ដែលបានកើតមានឡើង គឺជារឿងដាច់ដោយឡែក ឬខុសៗពីគ្នាក៏ដោយ តែអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសមន្រ្តីជំនាញពាក់ព័ន្ធតែងតែបានសហការគ្នារកវិធីក្នុងការដោះស្រាយរាល់ទំនាស់ដីធ្លី ដើម្បីបញ្ចប់កង្វល់ និងបញ្ហាដីធ្លីជូនប្រជាពលរដ្ឋយើង ដើម្បីបានទទួលប័ណ្ណកម្មសិទ្ធិទាំងអស់គ្នា។

សូមបញ្ជាក់ថា ករណីទំនាស់ដីធ្លីដ៏រាំរ៉ៃ រវាងប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ក្នុងភូមិព្រៃព្រាល ឃុំឃ្លាំងមាស សរុបចំនួន ៥១ក្បាលដី ស្មើនឹង ៤៨គ្រួសារ បានដោះស្រាយបញ្ចប់ និងបានធ្វើប័ណ្ណកម្មសិទ្ធិបានចំនួន៥០ក្បាលដី និងសល់ ០១ក្បាលដី មិនបានបំពេញទិន្នន័យ មូលហេតុចំណាកស្រុក ។
ក្នុងនោះដែរ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិដីធ្លី)ជូនដល់ប្រជាពលរដ្ឋ ដើម្បីពួកគាត់អាចយកទៅប្រើប្រាស់តាមតម្រូវការ ។

ប្រជាពលរដ្ឋដែលបានទទួលប័ណ្ណកម្មសិទ្ធិគ្រប់គ្រងដីធ្លី ទាំងអស់បានអបអរសាទរសប្បាយរីករាយ និងសូមថ្លែងអំណរគុណដល់ ឯកឧត្តម អភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធដែលបានខិតខំជួយប្រជាពលរដ្ឋរហូតមក ឈានដល់សម្រេចបានជោគជ័យ និងទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីនាថ្ងៃនេះផងដែរ៕