អគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប បានប្រជុំពិនិត្យវឌ្ឍនភាពការងារឆមាសទី១ និងផែនការការងារឆមាសទី២ ឆ្នាំ២០១៩


អគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប បានប្រជុំពិនិត្យវឌ្ឍនភាពការងារឆមាសទី១ និងផែនការការងារឆមាសទី២ ឆ្នាំ២០១៩ នាថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំក្រសួងធនធានទឹក និងឧតុនិយម ។ កិច្ចប្រជុំ បានទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់ ដោយឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរទន្លេសាប បានជម្រាបរំលឹកអំពីបេសកកម្មស្នូលរបស់អាជ្ញាធរទន្លេសាប និងសង្កត់ធ្ងន់ថា អាជ្ញាធរទន្លេសាប ជាអង្គភាពថ្នាក់ជាតិដែលមានភារកិច្ចសិក្សាស្រាវជ្រាវ និងសម្របសម្រួលក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទន្លេសាប ឲ្យមានប្រសិទ្ធភាព ដើម្បីធានាបាននូវផលប្រយោជន៍ជានិរន្តរ៍នៃបឹងទន្លេសាប និងធនធានធម្មជាតិដ៏មានតម្លៃ សម្រាប់កម្ពុជាទាំងនាពេលបច្ចុប្បន្ន និងទៅអនាគត។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង សមិទ្ធផលសំខាន់ៗ និងស្នាដៃធំៗជាប្រវត្តិសាស្រ្ត ដែលអាជ្ញាធរទន្លេសាបបានបំពេញ និងសម្រេចបានមកដល់ពេលនេះ ក៏ដូចជាបញ្ហាប្រឈមដែលបានពុះពារជម្នះកន្លងមក ក្រោមការចង្អុលបង្ហាញផ្ទាល់ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីសម្រេចឲ្យបាននូវការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍបឹងទន្លេសាប ប្រកបដោយចីរភាព។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង កិច្ចសហការល្អពីគ្រប់ភាគីពាក់ព័ន្ធ និងសមិទ្ធផលដែលអាជ្ញាធរទន្លេសាប បានបំពេញនាពេលកន្លងមក និងសម្រេចបានរហូតដល់បច្ចុប្បន្ន និងបានផ្តាំផ្ញើ និងសេី្នថ្នាក់ដឹកនាំ និងអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប បន្តយកចិត្តទុកដាក់ និងខិតខំកាន់តែសកម្ម និងមានប្រសិទ្ធភាពថែមទៀត ដើម្បីនាំមកនូវជោគជ័យ និងសមិទ្ធផលថ្មីៗទៀត ជូនស្ថាប័ន ក៏ដូចជារាជរដ្ឋាភិបាល និងប្រទេសជាតិ។

ទន្ទឹមនឹងនោះផងដែរ ក្នុងការពិនិត្យវឌ្ឍនភាពការងារឆមាសទី១នេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើឲ្យកិច្ចប្រជុំ ត្រូវពិនិត្យឡើងវិញនូវការបំពេញតួនាទីភារកិច្ចកន្លងមក និងត្រូវឆ្លុះបញ្ចាំងនូវចំណុចខ្លាំង និងចំណុចខ្សោយ ជាមេរៀនបទពិសោធន៍ ក៏ដូចជាបញ្ហាប្រឈមចំពោះមុខ ដើម្បីរួមគ្នាគិតគូរដោះស្រាយឲ្យបានទាន់ពេលវេលា ធ្វើយ៉ាងណាឲ្យផែនការសកម្មភាពការងារប្រចាំឆ្នាំ២០១៩ ត្រូវបានអនុវត្តដោយជោគជ័យ និងសម្រាប់លើកកម្ពស់ប្រសិទ្ធភាពការងារអង្គភាព និងស្ថាប័នទាំងពេលបច្ចុប្បន្ន និងពេលអនាគត៕