នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប:អមដំណើរដោយ ឯកឧត្ដម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងបានអញ្ជើញចុះពិនិត្យសកម្មភាពថតភាពយន្តរបស់ផលិតករទូរទស្សន៍ Canal Plus សាធារណរដ្ឋបារាំង ក្នុងកម្មវិធី Le Bureau les Legend, Season 5 ដែលកំពុងថតនៅអង្គការមិត្តសំឡាញ់ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រីបានអរគុណដល់ផលិតករនៃទូរទស្សន៍ Canal Plus ចំពោះការជ្រើសរើសយកព្រះរាជាណាចក្រកម្ពុជាជាទីតាំងសម្រាប់ថតកម្មវិធី Le Bureau les Legend ដែលជាកម្មវិធីដ៏ល្បីល្បាញក្នុងប្រទេសបារាំង និងមានអ្នកទស្សនារាប់លាននាក់។
គួរបញ្ជាក់ជូនថា សកម្មភាពនៃការថតកម្មវិធីនេះ បានចំណាយពេលថតនៅព្រះរាជាណាចក្រកម្ពុជារយ:ពេល ២សប្តាហ៍ និងប្រើប្រាស់អ្នកជំនាញបច្ចេកទេសភាពយន្តក្នុងស្រុកសរុបជិត ១០០នាក់ អ្នកជំនាញបច្ចេកទេសភាពយន្ត និងតួសម្តែងបរទេសសរុបជិត៥០នាក់។