ប្រធានមន្ទីរសុខាភិបាលខេត្តអះអាងថា ស្ថានភាពជំងឺគ្រុនឈាមបានធ្លាក់ចុះជាបន្តបន្ទាប់នៅទូទាំងខេត្តកំពង់ស្ពឺ


ឯកឧត្តម អោ វ៉ាន់ថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យដឹងនៅ​ថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ថា បច្ចុប្បន្ននេះស្ថានភាពជំងឺគ្រុនឈាមនៅទូទាំងខេត្តបានបន្តធ្លាក់ចុះជាបន្តបន្ទាប់ហើយ បន្ទាប់ពីមន្ទីរសុខាភិបាល សហការជាមួយអាជ្ញាធរពាក់ព័ន្ធបើកយុទ្ធនាការកម្ចាត់ជម្រកមូសខ្លារួចមក។

ឯកឧត្តមបានបន្តទៀតថា ក្នុងយុទ្ធនាការកន្លងមក មន្ទីសុខាភិបាលខេត្តបានប្រើប្រាស់ថ្នាំអាបែត អស់ជាង៦តោន ថ្នាំបាញ់សម្លាប់មូសខ្លាអស់ជាង ២០០គីឡូក្រាម និងផ្ទាំងផ្សព្វផ្សាយ អប់រំអស់ជាច្រើនរយផ្ទាំង។ ឯកឧត្តមប្រធានមន្ទីរបានអះអាងទៀតថា ទោះបីករណីជំងឺគ្រុនឈាមមានការធ្លាក់ក៏ដោយ ក៏មន្រ្តីសុខាភិបាលខេត្តទាំងអស់នៅតែបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីអង្កេតតាមដាន គ្រប់គ្រងស្ថានភាព ដោយចុះដល់មូលដ្ឋានធ្វើការអប់រំ សុខភាពជូនប្រជាពលរដ្ឋ ជាប្រចាំ។

ទន្ទឹមនឹងនេះមន្រ្តីយើងនៅតែបន្តពង្រឹងការធ្វើសកម្មភាព លុបបំបាត់ជម្រកមូសខ្លា ដែលមាននៅកន្លែងដក់ទឹកថ្លា។ ជាមួយគ្នានេះមន្ទីរសុខាភិបាលបានបន្តសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋចូលរួម ធ្វើអនាម័យសម្អាតបរិស្ថានក្នុង និងនៅជុំវិញគេហដ្ឋានរបស់ខ្លួន និងលុបបំបាត់ប្រភពជម្រកមូសដែល ជាប្រភពចម្លងជំងឺគ្រុនឈាម៕