ឯកឧត្តម ចាន់ សុីណាត បានដឹកនាំក្រុមការងារ ក្រសួង ជំនាញការ ADB MFF ប្រចាំក្រសួងធនធានទឹក និងឧតុនិយម ចុះធ្វើការពិនិត្យជាក់ស្តែងលើតំបន់ប្រព័ន្ធធារាសាស្រ្តអាងត្រពាំងថ្ម


នៅថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម អនុរដ្ឋលេខាធិការ និងជានាយកគម្រោង PMU-ADB and WB MOWRAM ចាន់ សុីណាត បានដឹកនាំក្រុមការងារ ក្រសួង ជំនាញការ ADB MFF ប្រចាំក្រសួងធនធានទឹក និងឧតុនិយម ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ និង ខេត្តបន្ទាយមានជ័យ ចុះធ្វើការពិនិត្យជាក់ស្តែងលើតំបន់ប្រព័ន្ធធារាសាស្រ្តអាងត្រពាំងថ្ម។

សូមបញ្ជាក់ជូនថា ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការដឹកនាំផ្ទាល់ធ្វើការសិក្សាអូសទឹកពី តំបន់ ០៥ តាមតំបន់តាមុក តំបន់ទំនប់ថ្មី តំបន់ទំនប់អាងស្រែង១ និងតំបន់ទំនប់អាងស្រែង២ មកទំលាក់ត្រង់ចូលក្នុង អាងត្រពាំងថ្ម ដែលធានាទឹកឲ្យដល់តំបន់ប្រព័ន្ធធារាសាស្រ្តអាងត្រពាំងថ្មមានទឹករស់ទាំងរដូវវស្សា និងទាំងរដូវប្រាំង បំរើឲ្យគ្រប់វិស័យទាំងអស់។

ឯកឧត្តមរដ្ឋមន្រ្តីមានបំណងបញ្ចៀសតំបន់នេះឲ្យផុតពីបញ្ហាប្រឈម និងហានីភ័យនៃបាតុភូត EL Nino និងភពផែនដីឡើងកំដៅខ្លាំង ដោយមិនពឹងតែទឹកតាមច្រកបឹងត្រកួន ភ្នំឆាត់ តាមតំបន់អាងស្រែល្អ ទំនប់អាងតាងមេង និងអាងពន្លៃនោះទេ។

ដោយសារបុព្វហេតុខាងលើនេះហើយ ទើប ឯកឧត្តមអនុរដ្ឋលេខាធិការចុះបន្ទាន់ធ្វើការដឹកនាំ ក្រុមការងារ និងក្រុមជំនាញការ ADB MFF ប្រចាំក្រសួងធនធានទឹក និងឧតុនិយម សិក្សាលម្អិតគ្រោងប្លង់ធ្វើការអូសទឹកពីបណ្តាតំបន់ខាងលើមកទំលាក់ចូលអាងត្រពាំងថ្មក្លាយជាទឹករស់ប្រកបដោយនិរន្តរភាពបំរើឲ្យគ្រប់វិស័យទាំងអស់។