សហព័ន្ធខ្មែរកីឡាហែលទឹក នឹងបញ្ជូនអត្តពលិកវ័យក្មេងចំនួន០៤រូប ចូលរួមការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជនពិភពលោកលើកទី៧ ឆ្នាំ២០១៩ នៅទីក្រុង Budapest ប្រទេសហុងគ្រី និងអត្តពលិកវ័យក្មេងចំនួន០៥រូបផ្សេងទៀត ទៅធ្វើការហ្វឹកហាត់បង្កើនសមត្ថភាពរយៈពេល៣៦ថ្ងៃ នៅប្រទេសជប៉ុន


ថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានទទួលជួបសំណេះសំណាលជាមួយអត្តពលិកវ័យក្មេងរបស់កម្ពុជា ដឹកនាំដោយ លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធផងដែរ។

ជំនួបសំណេះសំណាលនេះធ្វើឡើងដើម្បីទទួលបានការណែនាំ ក៏ដូចជាអនុសាសន៍សំខាន់ៗពីឯកឧត្តមទេសរដ្ឋមន្ត្រីមុនចេញដំណើរ ដែលក្នុងនោះអត្តពលិកចំនួន០៤រូប គ្រោងនឹងចេញដំណើរទៅចូលរួមការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជនពិភពលោក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុង Budapest ប្រទេសហុងគ្រី និងអត្តពលិកចំនួន០៥រូបផ្សេងទៀត គ្រោងនឹងចេញដំណើរទៅហ្វឹកហាត់រយៈពេល៣៦ថ្ងៃនៅប្រទេសជប៉ុន ដើម្បីត្រៀមលក្ខណៈចូលរួមការប្រកួតក្នុងព្រឹត្តការណ៍កីឡាអន្តរជាតិសំខាន់ៗ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងការអបអរសាទរផងដែរ ចំពោះអត្តពលិកវ័យក្មេងទាំងអស់ ដែលត្រូវបានជ្រើសរើសទៅចូលរួមការប្រកួត ក៏ដូចជាទៅហ្វឹកហាត់នៅក្រៅប្រទេស និងបានផ្តាំផ្ញើឱ្យអត្តពលិកខិតខំប្រឹងប្រែងប្រកួតយកជ័យជំនះជូនជាតិ និងហ្វឹកហាត់ឱ្យបានខ្លាំងក្លា រក្សាកេរ្តិ៍ឈ្មោះជាកីឡាករកម្ពុជាប្រកបដោយសេចក្តីថ្លៃថ្នូរ គោរពវិន័យឱ្យបានខ្ជាប់ខ្ជួន និង ព្យាយាមទទួលយកនូវបទពិសោធន៍បន្ថែមពីក្រៅប្រទេស ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន៕