ឯកឧត្ដម វេង សាខុន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងមន្ត្រីរាជការនៃអង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សរុបចំនួន៤៤រូប


នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅអគ្គនាយកដ្ឋានកៅស៊ូ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងមន្ត្រីរាជការនៃអង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សរុបចំនួន៤៤រូប មកពីអគ្គនាយកដ្ឋានកៅស៊ូ អគ្គនាយកដ្ឋានផលិតកម្មនិងបសុព្យាបាល និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ។ ចូលរួមក្នុងពិធីនោះ មានថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួង និងថ្នាក់ដឹកនាំនិងមន្ត្រីរាជការអគ្គនាយកដ្ឋានកៅស៊ូ។
មានប្រសាសន៏ទៅកាន់អង្គពិធីនិងមន្ត្រីទើបតែងតាំងថ្មី ឯកឧត្តមរដ្ឋមន្ត្រីពីការផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដែលនឹងឈានមកដល់ ជូនដល់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការក្រសួងទាំងអស់ ហើយបានជម្រាបពីនីតិវិធីនៃការពិនិត្យ វាយតម្លៃតែងតាំងមន្ត្រីរាជការប្រកបដោយតម្លាភាពនិងការទទួលខុសត្រូវខ្ពស់ ស្របតាមគុណសម្បត្តិ និងសមត្ថភាពរបស់មន្ត្រីរាជការ ក៏ដូចជាបានផ្តាំផ្ញើឲ្យមន្ត្រីយើងខិតខំកែលំអ និងពង្រឹងសមត្ថភាព។
ដោយឡែក ឯកឧត្ថមរដ្ឋមន្ត្រីក៏បានលើកពីការកត់សំគាល់ស្តីពីការលំបាកដែលអនុវិស័យកៅស៊ូបានជួបប្រទះនូវការធ្លាក់ថ្លៃជ័រកៅស៊ូ ជាពិសេសក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ បើទោះជាថ្មីៗនេះ តម្លៃកៅស៊ូបានងើបឡើងបន្តិចក្ដី តែយើងត្រូវប្រុងប្រយ័ត្ន និងខិតខំថែមទៀតដោយត្រូវធ្វើយ៉ាងណាឲ្យអ្នកដាំកៅស៊ូ អាចបង្កើនទិន្នផលកៅស៊ូ ដោយយកបទពិសោធន៍ដែលអគ្គនាយកដ្ឋានកៅស៊ូ បានដាំជាម៉ូដែលបញ្ចូលអនុវត្ត។ តបទៅនឹងសភាពការណ៏វិវត្ដន៍នៃអនុវិស័យកៅស៊ូ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់អគ្គនាយកដ្ឋានកៅស៊ូ៖
-ធ្វើបច្ចុប្បន្នកម្មផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៏កៅស៊ូ
-ចុះពិនិត្យ ណែនាំដល់ក្រុមហ៊ុនដីសម្បទាន ឲ្យធ្វើរបាយការណ៍ប្រចាំខែ និងឆ្នាំ គម្រោងផែនការដាំដុះ ប្រមូលផល ហើយនិងជំរុញការបង់ថ្លៃសម្បទាន
-ខិតខំប្រមូលចំណូលពីទីតាំងជួលដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន
-ត្រូវសិក្សាបន្ថែមនូវ៖ ការដាំដុះថ្មី ការថែទាំកូនកៅស៊ូ ការពង្រីកទីតាំងស្ថានីយ៍ពិសោធន៍ និងធ្វើបង្ហាញ ការពង្រីកនិងរក្សាទុករុក្ខសម្ភារៈ ច្បារពូជ ដោយសហការជិតស្និទ្ធជាមួយអង្គការដៃគូ
-ជំរុញចងក្រងសហគមន៍កៅស៊ូគ្រួសារដើម្បីឲ្យពួកគាត់អាចការពារផលប្រយោជន៍ និងឈានចូលទីផ្សារ
-បន្តបើកវគ្គបណ្ដុះបណ្ដាលឲ្យបានច្រើនដល់កសិករលើការដាំដុះកៅស៊ូ ដំណាំចន្លោះរង ការប្រមូលផល កែច្នៃ វេចខ្ចប់ទុកដាក់…
-ជំរុញអភិវឌ្ឍកៅស៊ូធម្មជាតិកម្ពុជាឲ្យបានច្រើនប្រកបដោយគុណភាពថែមទៀត
-ពង្រឹងសមត្ថភាពអង្គភាពចំណុះ និងជួយពង្រឹងសមត្ថភាពមន្ត្រីការិយាល័យអភិវឌ្ឍន៍នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ អង្គភាពដទៃទៀតក៏ត្រូវចុះជួយមន្ទីរក្នុងការពង្រឹងសមត្ថភាពទៅតាមជំនាញរបស់ខ្លួន។
-ពង្រឹងការងារគ្រប់គ្រងឲ្យមានប្រសិទ្ធភាព ប្រកបដោយសាមគ្គីភាពរឹងមាំ ក៏ដូចជាខិតខំរៀបចំលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំឲ្យបង្កើតគណៈកម្មការ ដើម្បីរៀបចំកសិដ្ឋានកសិកម្មចម្រុះដោយមានការចូលរួមពីអង្គភាពអនុវិស័យព្រៃឈើ ជលផល ផលិតកម្មសត្វ ដំណាំកសិកម្ម និងកៅស៊ូ។ កសិដ្ឋាននេះក៏នឹងផ្តល់ការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីរាជការ និងនិស្សិតដើម្បីធ្វើកម្មសិក្សាក្រេបយកចំណេះដឹង។