មន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តមណ្ឌលគិរី ប្រារព្វពិធីបិទមហោស្រពសិល្បៈ ចម្រៀងខ្មែរជាសកល ថ្នាក់ខេត្តលើកទី៥ ឆ្នាំ២០១៩


(មណ្ឌលគិរី)៖ ដើម្បីចូលរួមអភិរក្ស និងអភិវឌ្ឍន៍ វប្បធម៌ជាតិ នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ មន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តមណ្ឌលគិរី បានរៀបចំពិធីបិទមហោស្រពសិល្បៈ ចម្រៀងខ្មែរជាសកល ថ្នាក់ខេត្តលើកទី៥ ឆ្នាំ២០១៩ ក្រោមវត្តមាន លោកជំទាវ វិន ស៊ីធួន អភិបាលរងខេត្ត លោក លី សាមិ សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ដែលប្រព្រឹត្តទៅនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តមណ្ឌលគិរី។

លោកជំទាវ វិន ស៊ីធួន អភិបាលរងខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដែលបានខិតខំប្រឹងប្រែង ក្នុងការចូលរួមអនុវត្តការងារទទួលបានជោគជ័យ និងសូមឱ្យបន្តយកចិត្ត ទុកដាក់អនុវត្តសកម្មភាពការងារឱ្យបានកាន់តែល្អប្រសើរ ថែមទៀត ដើម្បីឈានទៅសម្រេច ឱ្យបាននូវគោលនយោបាយជាតិស្តីពីវប្បធម៌ “អភិរក្ស និងអភិវឌ្ឍន៍ វប្បធម៌ជាតិ” ដោយអនុវត្តន៍ស្របតាម គោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវ បានផ្តល់អនុសាសន៍មួយចំនួន ដល់ប្អូនៗបេក្ខជន បេក្ខនារី ដែលទទួលបានជ័យលាភី ត្រូវបន្តទៅចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍មហោស្រពថ្នាក់ជាតិ ក្នុងអំឡុងខែតុលា ឆ្នាំ២០១៩ខាងមុខ គឺត្រូវព្យាយាមហាត់សមច្រៀង ជាបន្តទៀត ដើម្បីឈានទៅទទួលបានជោគជ័យ សម្រាប់ខេត្ត ក៏ដូចជាកិត្តិយសផ្ទាល់ខ្លួន។

ហើយចំពោះបេក្ខជន បេក្ខនារី ដែលពុំបានទទួលជ័យលាភី សូមកុំអាក់អន់ ស្រពោនចិត្ត ប្អូនៗ ត្រូវខិតខំបន្តទៀត សម្រាប់ឱកាសក្រោយៗ ព្រោះមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ នឹងរៀបចំការប្រឡងប្រជែង ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០២០ តទៅ ដូចនេះ ត្រូវបន្តព្យាយាមទៀតដើម្បីប្អូនៗ បានសម្រេចនូវគោលបំណងរបស់ខ្លួន។ ទទឹមនឹងនេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវចូលរួមបង្ករលក្ខណៈដល់បេក្ខជន បេក្ខនារី ដែលទទួលបាន ជ័យលាភី ក្នុងសកម្មភាពហាត់សម ដើម្បីឱ្យទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍មហោស្រពថ្នាក់ជាតិ នាពេលខាងមុខ ដើម្បីឱ្យយុវជន មានឱកាសបញ្ចេញ នូវសមត្ថភាព របស់ខ្លួនលើវិស័យសិល្បៈនេះ។

ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តមណ្ឌលគិរី លោក សី ទូច បានបញ្ជាក់ថា មន្ទីរបានធ្វើការផ្សព្វផ្សាយជ្រើសរើសបេក្ខជនទាំងពីរវិញ្ញាសា៖១).វិញ្ញាសាចម្រៀងបុរាណ (ប្រពៃណី បាសាក់ មហោរី និងយីកេ) និង ២).វិញ្ញាសាចម្រៀងសម័យ (ទសវត្សរ៍ទី៥០-៧០) ដោយមានរយៈពេល២០ថ្ងៃ (ពីថ្ងៃទី០៨ ខែកក្កដា ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩) ជាលទ្ធផល មានបេក្ខជន បេក្ខនារី មកដាក់ពាក្យទាំងពីរ វិញ្ញាសាមានចំនួនសរុប ១៨នាក់ក្នុងនោះស្រី ២នាក់។ លោក បន្ថែមថា ការប្រឡងជម្រុះដើម្បីសំរាំងយកបេក្ខជន និងបេក្ខនារី មកប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្តថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ដោយលទ្ធផលនៅសល់ចំនួន១០នាក់។

លោកបន្ថែមថា ដោយយកចិត្តទុកដាក់ ប្រកបតម្លាភាព យុត្តិធម៌ និងមានការ ទទួលខុសត្រូវខ្ពស់មក គណៈកម្មការបានរកឃើញនូវបេក្ខជន បេក្ខនារី ដែលទទួលបានជ័យ លាភីតាមវិញ្ញសាទាំងពីរ ទី១ .វិញ្ញាសាចម្រៀងសម័យ ផ្នែកបុរស ទទួលបានជ័យលាភីចំណាត់លេខ១ បានទៅលើបេក្ខជនឈ្មោះ នី រ៉ាយុទ្ធ ទី២. ផ្នែកនារី ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ បានទៅលើបេក្ខនារីឈ្មោះ នាង ចាន់នីតា វិញ្ញាសាចម្រៀងបុរាណ ទី១ ផ្នែកបុរស ទទួលបាន ជ័យលាភីចំណាត់ថ្នាក់លេខ២ បានទៅលើបេក្ខជនឈ្មោះ ធឿន សុភា និងផ្នែកនារី ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ បានទៅលើបេក្ខនារី ឈ្មោះ នឿយ ស៊ូ៕