សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០១៧


នៅក្នុងឱកាសបុណ្យចូលឆ្នាំសកល ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារលិខិតជូនពរ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០១៧។
សារលិខិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសរសេរជូនពរយ៉ាងដូច្នេះថា៖ «ក្នុងឱកាសដ៏វិសេសវិសាល ប្រពៃថ្លៃថ្លានេះ​ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក បុណ្យបារមីព្រះឥន្ទ ព្រះព្រហ្ម ព្រះអង្គចេក ព្រះអង្គចម ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយថែរក្សា អភិបាលប្រោះព្រំសព្វសាធុការពរជ័យ គ្រប់យ៉ាងចំពោះ សម្តេចប្រធាន និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី បុត្រប្រសា ចៅប្រុស ចៅស្រីជាទីស្រឡាញ់ និងសូមសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លា បួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាត ឡើយ។»