ឧត្តម អ៉ី ឈាន បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅ អនុវត្តការងារបន្តឆ្នាំ២០១៧ ក្នុងខេត្តប៉ៃលិន


ប៉ៃលិន៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ យុវជនគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅ អនុវត្តការងារ​បន្តឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តម អ៉ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចុះជួយខេត្តប៉ៃលិន ក្នុងកិច្ចប្រជុំ ក៏មានការអញ្ជើញចូលរួមពី គណៈកម្មាធិការបក្សខេត្ត ក្រុមការងារយុវជនបក្សខេត្ត ក្រុង ស្រុក គណៈកម្មាធិការបក្សឃុំ សង្កាត់ សាខាបក្សភូមិ និងសកម្មជនយុវជន​គណបក្សសរុប​ប្រមាណ៨៥០នាក់។
កិច្ចប្រជុំបានបូកសរុបលទ្ធការងារឆ្នាំ២០១៦ និងបានលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៧ ដោយក្រុមការងារយុវជនបានប្តេជ្ញា សម្រេចជោគជ័យឲ្យខាងតែបាន​ក្នុងការ​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំ បម្រើប្រជាពលរដ្ឋ និងសង្គមជាតិ ប្រកបដោយ សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ជានិរន្តរ៍ ។
ថ្លែងក្នុងឱកាសនោះឯកឧត្តម អ៊ី ឈាន បានធ្វើការកោតសរសើរចំពោះក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាខេត្ត ដែលកន្លងមកបានចូលរួមយ៉ាងសកម្ម ក្នុងការធ្វើ​សកម្មភាព បម្រើប្រជាជន និងសង្គម និងធ្វើការវាយបកលើគណបក្សប្រឆាំង ដែលបង្កចលាចលក្នុងសង្គម ក៏ដូចបណ្តាញសង្គម Facebook ឯកឧត្តមបន្តថា យុវជនគណបក្ស​ជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការសម្រេចភារកិច្ចជូនគណបក្ស និងជាអ្នកបន្តវេនរបស់គណបក្ស ទន្ទឹមនឹងនោះសូមឲ្យក្មួយៗខិតខំ ប្រឹងប្រែង​សិក្សារៀនសូត្រ ទាំងចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ការងារ ដើម្បីក្លាយជាអ្នកបន្តវេនរបស់គណបក្សប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ បម្រើ​ផលប្រយោជន៍ជូនជាតិ និងប្រជាជន៕