គ្រួសារយុទ្ធជន​ និងអតីតយុទ្ធជនពលីជីវិត​ចំនួន​ ២០គ្រួសារ​ រស់នៅខេត្តព្រះវិហារ​ រីករាយដោយទទួលប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ ពី​កាកបាទក្រហមកម្ពុជា


(ព្រះវិហារ)​៖​ ដេីម្បីលេីកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​ នៅថ្ងៃទី​ ១០-១១​ ខែសីហា​ ឆ្នាំ២០១៩​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យមន្ត្រីក្រោមឱវាទ​ចុះសួរសុខទុក្ខ​ និង​ផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់​របស់​កាកបាទក្រហមកម្ពុជា​ ជូនដល់គ្រួសារយុទ្ធជន​ និងអតីតយុទ្ធជនពលីជីវិត​ចំនួន​ ២០គ្រួសារ​ (គ្រួសារនីមួយៗទទួលថវិកា​ ១លានរៀល)​ រស់នៅស្រុករវៀង​ និងស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ​ ដេីម្បី​ប្រកបមុខរបរ​ បង្កបង្កេីនផល​ និងចិញ្ចឹមសត្វ។

ពិធីនេះ​បានធ្វេីឡេីងបន្ទាប់ពីកម្មវិធីចែក​អំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត​ចំនួន​ ៤៩២គ្រួសារ​ រស់នៅក្នុងស្រុកទាំងពីរខាងលេីនេះផងដែរ។

ក្នុងឱកាសនោះ​ លោកជំទាវ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​ ១​ កាកបាទក្រហមកម្ពុជា​ និង​លោកជំទាវ ចឹក​ ហេង​ ប្រធានគណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជា​ ខេត្តព្រះវិហារ​ បានពាំនាំប្រសាសន៍​របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលផ្តាំផ្ញេីសួរសុខទុក្ខ​ ការគិតគូរពីជីវភាពរស់នៅ​ និងសុខុមាលភាព​របស់ប្រជាពលរដ្ឋ​ ជាពិសេសលេីក​ទឹកចិត្ត​ដល់គ្រួសារទទួលផល​ទាំងអស់​ឱ្យបន្ត​ខិតខំពង្រីកមុខរបរ​ បង្កបង្កេីនផល​ ដេីម្បីលេីកស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសេីរឡេីង។

ជាមួយគ្នានេះ​ ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានផ្តាំផ្ញេីនូវការកោតសរសេីរ​ដល់​ យុទ្ធជនជួរមុខទាំងអស់​ដែលបាន​លះបង់ពេលវេលា​ ការរស់នៅជួបជុំក្រុមគ្រួសារ​ទៅបម្រេីការងារការពារមាតុភូមិ​ រីឯភរិយា​រស់នៅផ្ទះខិតខំ​ប្ររបរ​ និងពង្រីកមុខរបរ​ចិញ្ចឹមកូនដេីម្បីអនាគតរុងរឿង។

គ្រួសារទទួលផលទាំងអស់​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលតែងតែគិតគូរពីសុខទុក្ខ​ និងការរស់នៅរបស់​ប្រជាពលរដ្ឋ​ និងសូមខិតខំប្រកបរបរចិញ្ចឹមជីវិត​ ដេីម្បីរួមចំណែក​ជំរុញកំណេីនសេដ្ឋកិច្ចរបស់ប្រទេសជាតិ​ដែលមានសុខសន្តិភាព​ ស្ថិរភាព​ និងអភិវឌ្ឍនភាព​ដូច​សព្វថ្ងៃ​នេះ។

សូមបញ្ជាក់ថា​ ចាប់តាំងពីឆ្នាំ២០០៥​ ដល់ឆ្នាំ២០១៩នេះ​ កាក​បាទក្រហមកម្ពុជា​ បានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់​ ជូនដល់ប្រជាពលរដ្ឋសរុបចំនួន​ ៦២៨គ្រួសារ​ (ក្នុងនោះ​ គ្រួសារពិការ​ ១១៧គ្រួសារ)​ ដែលរស់នៅ​ស្រុករវៀង​ និងស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ​ ដែលប្រាក់កម្ចីនេះ​ បាននិងកំពុងជួយកាត់បន្ថយការរងគ្រោះថ្នាក់ដោយសារមីន​ និងសំណល់ជាតិផ្ទុះពីសង្គ្រាម​ និងបង្កេីនជីវភាពរស់នៅឱ្យល្អប្រសេីរឡេីង​ តាមរយៈការប្រកបរបរដាំដំណាំ​ ចិញ្ចឹមសត្វ​ លក់គ្រឿងទេស​ កាត់ដេរ​ អ៊ុតសក់​ ជួសជុលកង់ម៉ូតូ។ល។

បច្ចុប្បន្ននេះ​ ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់​កាកបាទក្រហមកម្ពុជា​ បាននិងកំពុងអនុវត្តនៅតាមស្រុកគោលដៅចំនួន​ ១២​ ក្នុងខេត្តព្រះវិហារ​ ឧត្តរមានជ័យ​ បន្ទាយមានជ័យ​ ពោធិ៍សាត់​ និងខេត្តកណ្តាល៕