ឯកឧត្តម តឹករ៉េត​ សំរេច​​​ ប្រកាសដាក់ឲ្យអនុវត្តគម្រោងស្តារ និងកែលម្អប្រព័ន្ធរំដោះទឹកភ្លៀង​ ជំហានទី១​ នៅសង្កាត់លេខ៤​ ក្រុងព្រះសីហនុ​


(ព្រះសីហនុ)៖ ឯកឧត្តម​ តឹករ៉េត​ សំរេច​ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះ​ជួយក្រុងព្រះសីហនុ តំណាងឯកឧត្តម សាយ​ សំអាល់​ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ​ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩នេះ បានអញ្ជេីញប្រកាសដាក់ឲ្យដំណើរការគម្រោងស្តារ និងកែលម្អប្រព័ន្ធរំដោះទឹកភ្លៀង​ ជំហានទី១​ នៅភូមិ៥​ សង្កាត់លេខ៤​ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ​។

នាឱកាសនេះ​ ឯកឧត្តមបានជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពីសារៈសំខាន់នៃគម្រោងនេះ​ ដែល​នឹងជួយ​សម្រួល​ និងបង្កេីនល្បឿននៃលំហូរទឹក​ភ្លៀង​ និងកាត់បន្ថយការជន់លិចផ្ទះសម្បែងរបស់ពួកគាត់ដោយសារជំនន់ទឹកភ្លៀង​ នាពេលខាងមុខ។

ឯកឧត្តមបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការ​ និងគាំទ្រគម្រោងនេះ​ ដេីម្បីឲ្យមាន​ដំណេីរការ​ទៅមុខដោយរលូន​ និងទទួលបានជោគជ័យតាមផែនការ។

សូមបញ្ជាក់ជូនថា គម្រោងស្តារ និងកែលម្អប្រព័ន្ធរំដោះជំនន់ទឹកភ្លៀង​ ជំហានទី១នេះ គឺជាលទ្ធផលនៃការសិក្សា​រួមគ្នា រវាងក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងព្រះសីហនុ និងមន្ទីរជំនាញពាក់ព័ន្ធនានា​ នៅក្នុងខេត្ត ព្រមទាំងមានការចូលរួមគាំទ្រដោយរដ្ឋបាលខេត្ត និងក្រុងព្រះសីហនុផងដែរ។

គម្រោងនេះ​ប្រើប្រាស់ថវិការបស់ក្រសួងបរិស្ថាន អនុវត្តការងារដោយក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ និងមាន៣ផ្នែកសំខាន់គឺ៖​

*ទី១៖​ ការកាយប្រឡាយរំដោះទឹកថ្មីមួយខ្សែ​ តាម បណ្តោយផ្លូវ ពីភូមិ៥ ភ្ជាប់មកផ្លូវ៨១៨ (អូរម្លប់តាប៉ាង) ប្រវែង៦៨០ម៉ែត្រ ដើម្បីបើកមុខទឹក

*ទី២៖​ ដាក់លូ ពីអូរ៤ (ផ្លូវ៨១៨) មកអូរ៥ (ផ្លូវភូមិ៥) ប្រវែង៥៩០ម៉ែត្រ​

*ទី៣៖​ បោះបង្គោលព្រំអូរ និងស្តារអូរឈើទាល ពីស្ពានម្លប់តាប៉ាង មកដល់ស្ថានីយច្រោះសម្អាតទឹកប្រវែង ២,១៥០ម៉ែត្រ។ បន្ទាប់ពីកែលម្អប្រឡាយនេះចប់នឹងដាក់ផែនការស្តារនៅភូមិផ្សេងទៀតផងដែរ។

ឆ្លៀតឱកាសនេះ​ ឯកឧត្តម តឹករ៉េត សំរេច ផ្ញេីដល់អាជ្ញាធរក្រុង​ព្រះសីហនុ​ និងសង្កាត់លេខ៤​ថា​ នៅក្នុងកាល:ទេស:បច្ចុប្បន្ននេះ​ សូមបង្កេីន​សកម្មភាពបម្រេីប្រជាពលរដ្ឋ​ ឲ្យកាន់តែសកម្មថែមទៀត​​ ឆ្លេីយ​តបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងធ្វេីការពន្យល់ប្រជាពលរដ្ឋបានយល់​ ព្រោះពួកគាត់គឺជាប្រជាពលរដ្ឋរបស់យេីង​ ហេីយពួកគាត់អាចមានកំហុសតិចតួច ដោយសារពួកគាត់មិនទាន់ទទួលបានព័ត៌មានគ្រប់គ្រាន់​ ឬការយល់​ដឹងរបស់ពួកគាត់នៅមានកម្រិត​ ដែលទាមទារអាជ្ញាធរផ្តល់ព័ត៌មាន​ និងពន្យល់បន្ថែម។

ឯកឧត្តមក៏បានលេីកទឹកចិត្តឲ្យអាជ្ញាធរ​ និងប្រជាពលរដ្ឋយោគយល់គ្នា​ រួមសហការគ្នា​ និងគោរពគ្នាទៅវិញទៅមក​ ដេីម្បីជំរុញការអភិវឌ្ឍភូមិ​ សង្កាត់​ និងក្រុងព្រះសីហនុ​ និងដេីម្បីផលប្រយោជន៍រួម​របស់យេីងទាំងអស់គ្នា។

ក្រោយពិធីប្រកាសដាក់ឲ្យដំណើរការ តាមសំណូមពររបស់ប្រជាពលរដ្ឋ​ភូមិ៥​នៃសង្កាត់លេខ៤​ ឯកឧត្តម​ តឹករ៉េត​ សំរេច​ រួមជាមួយអ្នកចូលរួម បានដេីរលុយទឹក​ចុះទៅពិនិត្យ​ទីតាំងប្រឡាយដែលរួមតូចចង្អៀត​ និងពិនិត្យ​ស្ថានភាពផ្ទះប្រជាពលរដ្ឋដែលរងគ្រោះលិចលង់​ដោយសារជំនន់ទឹកភ្លៀង​ កាលពីថ្ងៃទី៩សីហាកន្លងទៅនេះ។

ប្រជាពលរដ្ឋមាន​អារម្មណ៍កក់ក្តៅ​ និងរីករាយដែលថ្នាក់ដឹកនាំបានចុះទៅពិនិត្យផ្ទាល់ដល់ទីតាំង​ ព្រមទាំងស្តាប់ការលំបាក​ និងបញ្ហាប្រឈមរបស់ពួកគាត់។ ពួកគាត់យល់ព្រមចូលរួមសហការ​ និងគាំទ្រគម្រោងស្តារ​ និងកែលម្អប្រព័ន្ធរំដោះទឹកភ្លៀង​ នៅភូមិ៥​ សង្កាត់​លេខ៤​នេះ៕