សម្តេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ ២០១៦និងលើកទិសដៅការងារឆ្នាំ២០១៧ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន


នៅរសៀលថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៦ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំពិធីបិតសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ​ ២០១៦ ​និងលើកទិសដៅការងារ ឆ្នាំ២០១៧​ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាលសន្និសិទចតុមុខ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានរាយការណ៍ជូនអង្គពិធីអំពី លទ្ធផលនៃកិច្ចពិភាក្សា ផ្លាស់ប្តូរយោបល់ លើបទពិសោធន៍ និងបញ្ហាប្រឈម នៅក្នុងអង្គសន្និបាត រយៈពេល២ថ្ងៃ និងលទ្ធផលសំខាន់ៗ សម្រេចបានក្នុងវិស័យសាធារណការ និងដឹកជញ្ជូនក្នុងឆ្នាំ២០១៦ និងទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០១៧។
សម្តេចក្រឡាហោម ស ខេង បានសាទរចំពោះ លទ្ធផលសម្រេចបានល្អៗ នៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន និងកោតសរសើរចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការ និងថ្នាក់ដឹកនាំក្រសួង ក្នុងការអនុវត្តការងារ នៅក្នុងឆ្នាំ២០១៦នេះ។ សម្តេចក្រឡាហោមបានជម្រាប ជូនអំពីគោលនយោបាយ និងកិច្ចគាំទ្ររបស់ រាជរដ្ឋាភិបាលក្នុងការ កែទម្រង់វិស័យសាធារណការ និងដឹកជញ្ជូន​ កាត់បន្ថយភាពក្រីក្រ តាមរយៈការពង្រីកវិស័យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការផ្តល់សេវាសាធារណៈ ក្នុងវិស័យដឹកជញ្ជូន ព្រមទាំងការពង្រឹងការអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
សម្តេចក្រឡាហោម ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនផងដែរ នៅក្នុងកិច្ចការកែទម្រង់ វិស័យសាធារណការ និងដឹកជញ្ជូន និងការពង្រឹងការអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោក។
នៅចុងបញ្ចប់នៃកម្មវិធី សម្តចក្រឡាហោម បានប្រគល់ម៉ូតូ​កង់បី ជានិមិត្តរូប នៃការចែកម៉ូតូកង់បីសរុប ៦៥គ្រឿង និងឧបករណ៍ជួសជុល ថែទាំផ្លូវថ្នល់ ជូនដល់មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្តផងដែរ។