ប្រកាសចូលកាន់តំណែងប្រធានមន្ទីរកិច្ចការនារីខេត្តរតនគិរីថ្មី, លោកជំទាវ វ៉ាត់ អៀងហេង ជំនួសលោកស្រី ចក់ មើល ដែលត្រូវទៅកាន់ដំណែងថ្មី


(រតនគិរី)៖ លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងពីធីប្រកាសចូលកាន់តំណែង ប្រធានមន្ទីរកិច្ចការនារីខេត្តរតនគិរីថ្មី ដោយលោកជំទាវ វ៉ាត់ អៀងហេង ត្រូវចូលកាន់តំណែងជាប្រធានមន្ទីរកិច្ចការនារី ជំនួសលោកជំទាវ ចក់ មើល ដែលត្រូវទៅកាន់ដំណែងជាសមាជិកក្រុមប្រឹក្សាខេត្តរតនគិរីវិញ។

ពីធីនេះក៏មានការចូលរួមពីឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី,ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី រួមទាំងមានការចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងកិច្ចការនារី លោកស្រីអភិបាលរងខេត្ត លោក លោកស្រី នាយករងរដ្ឋបាលសាលាខេត្ត តំណាងសាលាដំបូងខេត្ត តំណាងព្រះរាជអាជ្ញាខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី អភិបាលក្រុង អភិបាលស្រុក ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត ជាច្រើនរូបផងដែរ។

ឯកឧត្តម ថង សាវុន និងលោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃមន្ទីរកិច្ចការនារីខេត្ត ក្រោមការដឹកនាំរបស់លោកជំទាវ ចក់ មើល ជាប្រធានមន្ទីរកិច្ចការនារីខេត្តរតនគិរីកន្លងមក បានយកចិត្តទុកដាក់ដឹកនាំអនុវត្តការងារ តាម តួនាទីភារកិច្ច ប្រកបដោយការសហការ និងសាមគ្គីភាពឯកភាពផ្ទៃក្នុងបានល្អ នាំឲ្យការអនុវត្តការងារកិច្ចការនារី សម្រេចបានលទ្ធផលល្អប្រសើរ បានចូលរួមចំណែកក្នុង ការជួយគាំទ្រដល់ការអនុវត្តគោលនយោបាយ លើកកម្ពស់សមភាពយេនឌ័រ ការថែទាំសុខភាពស្រី្ត និងកុមារ ជាពិសេសការជួយពង្រឹងសមត្ថភាពស្ត្រី ទាំងចំណេះដឹង ចំណេះធ្វើ ទាំងក្នុងការងារសេដ្ឋកិច្ច និងការសម្រេចចិត្តនានា ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ថង សាវុន និងលោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី ក៏បានផ្ដាំផ្ញើដល់ប្រធានមន្ទីរកិច្ចការនារីខេត្តរតនគិរី ដែលទើបទទួលបាន ការតែងតាំងថ្មី ត្រូវបន្តបេសកកម្ម ដឹកនាំអនុវត្តការងារកិច្ចការនារី ក្នុងខេត្តឲ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរថែមទៀត ជាពិសេសក្នុងការលើកកម្ពស់ និងបញ្ជ្រាបសមភាពយេនឌ័រ ការពង្រឹង សិទ្ធិអំណាចស្ដ្រី ការពារ និងផ្ដល់សេវាអប់រំសុខភាពរួមទាំងការងារជាច្រើនទៀត ដើម្បីជាប្រយោជន៍សម្រាប់ស្ត្រី កុមារ ជនរងគ្រោះ និងជនងាយរងគ្រោះ។ ត្រូវខិតខំពង្រឹង ការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ដើម្បីធានានិរន្តភាពការងារ ប្រកបដោយប្រសិទ្ធភាព និងត្រូវយកចិត្តទុកដាក់គ្រប់គ្រងដឹកនាំមន្ត្រីរាជការ ក្រោមឱវាទឲ្យបានល្អប្រសើរ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងត្រូវមានការសហការល្អ ជាមួយរដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរ – អង្គភាពនានា ក្នុងការរួមចំណែកលើកកម្ពស់ ជីវភាពរស់នៅ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តឲ្យកាន់តែមានការរីកចម្រើន៕