ព្រឹទ្ធសភានីតិកាលទី៤ បើកសម័យប្រជុំជាវិសាមញ្ញប្រកាសទទួលស្គាល់សមាជិក ថ្មីចំនួន០៣រូប និងបោះឆ្នោតជ្រើសតាំង សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចំនួន០១រូប


ព្រឹកថ្ងៃចន្ទ ១២កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០៨:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកសម័យប្រជុំជាវិសាមញ្ញ ដោយមានរបៀបវារៈ ៖
១-ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤។
២-ការបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន០១រូបសម្រាប់ជំនួសសមាជិកដែលត្រូវបញ្ចប់អាណត្តិ។
នៅក្នុងរបៀបវារៈទី១ដោយយោង៖
• ព្រះរាជក្រិត្យៈនស/រកត/០៨១៩/១២១២ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងព្រះអង្គម្ចាស់នរោត្តមប្រីយសោភ័ណ្ឌ ជាសមាជិកព្រឹទ្ធសភាសម្រាប់នីតិកាលទី៤ ជំនួស បន្តពីសម្តេចរាជបុត្រីព្រះអនុជនរោត្តម អរុណរស្មី ដែលបានសុំលាឈប់ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩…។
• សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្តីពីការប្រកាសទទួលស្គាល់បេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភានីតិកាលទី៤ ឆ្នាំ២០១៨របស់គណបក្សប្រជាជនកម្ពុជា មណ្ឌលភូមិភាគ៧(ខេត្តកំពង់ស្ពឺ,កំពង់ឆ្នាំង,ពោធិសាត់,កោះកុង និងខេត្តព្រះសីហនុ) និងមណ្ឌលភូមិភាគ៤(ខេត្តបាត់ដំបង,បន្ទាយមានជ័យ,សៀមរាប,ឧត្តមានជ័យ និងខេត្តប៉ៃលិន)។
• លិខិតរបស់គណបក្សប្រជាជនកម្ពុជា ស្នើសុំប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី ជ្រើសរើស និងជ្រើសតាំងបំពេញសមាសភាពក្នុងគណៈកម្មការអប់រំ យុវជន កីឡា ធម្មការសាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៌ ព្រមទាំងចាត់តាំងបំពេញសមាសភាពក្នុងក្រុមទី២ និងទី៤ នៃក្រុមសមាជិកព្រឹទ្ធសភាជំនួសឯកឧត្តម ឡាយ អ៊ីពិសិទ្ធ និងលោកជំទាវ ស៊ឹង ស៊ីយុតដែលបានទទួលមរណភាព។
• និងសេចក្តីសម្រេចព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មីសម្រាប់នីតិកាលទី៤ ចំនួន០៣រួប៖
១-ព្រះអង្គម្ចាស់ នរោត្តមប្រីយសោភ័ណ្ឌ ជាសមាជិកព្រឹទ្ធសភា ចាត់តាំងដោយព្រះមហាក្សត្រ ជំនួសសម្តេចរាជបុត្រីព្រះអនុជ នរោត្តមអរុណរស្មី ដែលបានសុំលាឈប់ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩។
២-ឯកឧត្តម ញ៉ូវ សុង ជាសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី៧ ជំនួស
ឯកឧត្តម ឡាយ អ៊ីពិសិទ្ធ ដែលបានទទួលមរណភាព។
៣-ឯកឧត្តម ឡោ ឆន ជាសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី៤ ជំនួសលោកជំទាវ ស៊ឹង ស៊ីយុត ដែលបានទទួលមរណភាព។
សម្តេចប្រធានព្រឹទ្ធសភាប្រកាសទូលថ្វាយ និងជំរាបព្រះអង្គម្ចាស់ និង
ឯកឧត្តមទាំង៣រូបខាងលើ ត្រូវធ្វើសច្ចាប្រណិធានមុនពេលចូលកាន់ដំណែង…ហើយស្នើឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា ចាត់ចែងនីតិវិធីដើម្បីអនុវត្តបន្ត…។
ចំពោះរបៀបវារៈទី២៖
បន្ទាប់ពីស្តាប់ឯកឧត្តមអគ្គលេខាធិការរាយការណ៌ជូនអំពីលទ្ធផលនៃការ
ពិនិត្យសុពលភាព និងរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងជាសមាជិក ឧត្តមក្រុមប្រឺក្សានៃអង្គចៅក្រម ដែលមានបេក្ខជនចំនួន០២រូបគឺ ឯកឧត្តម អ៊ុំ សារិទ្ធ និងលោក គង់ សារិទ្ធ ដែលមានលក្ខណៈសម្បត្តិ និងឯកសារជូនភ្ជាប់គ្រប់គ្រាន់ទៅតាមល័ក្ខខ័ណ្ឌកំណត់ ហើយបានរៀបចំបញ្ជីសន្លឹកឆ្នោតរូចរាល់ និងបានការសម្រេចផ្តល់សុពលភាពឲ្យបេក្ខជនទាំង២រូប ឈរឈ្មោះ ដោយអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៌ព្រឹទ្ធសភា កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩,អង្គព្រឹទ្ធសភាទាំងមូលក៏បានអញ្ជើញឡើងទៅបោះឆ្នោតជាសម្ងាត់ ដែលទទួលបានលទ្ធផលជាផ្លូវការគឺ ឯកឧត្តម អ៊ុំ សារិទ្ធ ត្រូវបានជាប់ជាសមាជិក ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ដោយមានសម្លេងគាំទ្រ៥០សម្លេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ហើយឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាត្រូវចាត់ចែងការអនុវត្តបន្តដើម្បីជំរាបជូនរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជ្រាប និងបន្តនីតិវិធីព្រមទាំងផ្សព្វផ្សាយអំពីលទ្ធផលនេះជូនសាធារណជនជ្រាប…៕