ឯកឧត្តម សុខ ឥសាន ជំរុញឲ្យថ្នាក់ដឹកនាំខេត្តកំពត បន្តខិតខំការអភិវឌ្ឍបន្ថែមទៀត និងការងារប្រតិបត្តិច្បាប់ឲ្យបានកាន់តែប្រសើរឡើង


(កំពត)៖ ឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភា (គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ) បានជំរុញដល់ថ្នាក់ដឹកនាំខេត្តកំពត គ្រប់លំដាប់ថ្នាក់ បន្តខិតខំកិច្ចការអភិវឌ្ឍន៍បន្ថែមទៀត និងចូលរួមការងារប្រតិបត្តិច្បាប់ ឱ្យបានកាន់តែប្រសើរឡើង។

ការជំរុញបែបនេះរបស់ឯកឧត្តម សុខ ឥសាន ខណៈឯកឧត្តមដឹកនាំគណ:ប្រតិភូ បើកកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំខេត្ត និងស្ថាប័ន អង្គភាពពាក់ព័ន្ធ នៅសាលាខេត្តកំពតនាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ។

នៅក្នុងជំនួបខាងលើឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានរាយការណ៍ជូនប្រតិភូ អំពីសភាពការណ៍រួមទូទៅ និងវឌ្ឍនភាពរីកចម្រើន ព្រមទាំងលទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្តកំពត សម្រេចបានកន្លងមក និងផែនការទិសដៅអនុវត្តបន្ត នូវកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ក្នុងនីតិកាលទី៦ នៃរដ្ឋសភាព្រមទាំងបញ្ហាប្រឈម និងសំណូមពរនានា ដែលរដ្ឋបាលខេត្តកំពត បានជួបប្រទះកន្លងមក និងកំពុងបានខិតខំជំរុញការអភិវឌ្ឍជាប្រចាំ។

ក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ ក៏បានរាយការណ៍ ឱ្យដឹងផងដែរអំពីលទ្ធផល និងសមិទ្ធផលសំខាន់ៗ ពាក់ព័ន្ធលើវិស័យខ្លួន រួមមានការងារមហាផ្ទៃ ការងារការពារជាតិ ការងារសន្តិសុខ សណ្តាប់ធ្នាប់ ការងារទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងការងារមុខងារសាធារណៈ ក្នុងដែនសមត្ថកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិជូនគណៈប្រតិភូ។

ក្រោយពីបានស្ដាប់នូវរបាយការណ៍ទាំងឡាយខាងលើរួចមក ឯកឧត្តម សុខ ឥសាន បានឱ្យដឹងថា គណៈកម្មការនៅក្នុងព្រឹទ្ធសភាមានចំនួន ១០។ ដោយឡែកគណៈកម្មការទី៤ នៃព្រឹទ្ធសភា ដែលបានចុះមកបំពេញបេសកកម្ម ក្នុងខេត្តកំពតពេលនេះ គឺក្នុងគោលបំណងសិក្សា ស្វែងយល់ជាមួយ អាជ្ញាធរដែនដី ខេត្ត ក្រុង ស្រុក និងមន្ទីរជំនាញ អង្គភាពពាក់ព័ន្ធ ក្នុងខេត្តកំពតស្ដីពីកិច្ចការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងបានកោតសរសើរវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែលរដ្ឋបាលខេត្តកំពត ក៏ដូចជាមន្ទីរ អង្គភាពជំនាញ បានរួមគ្នាខិតខំជម្នះរាល់ការលំបាក និងបញ្ហាប្រឈមនានា ក្នុងដំណើរការជំរុញល្បឿន នៃកិច្ចអភិវឌ្ឃន៍ខេត្ត មានការរីកចម្រើន នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ឯកឧត្តមប្រធានគណៈប្រតិភូ ក៏បានសំណូមពរផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំខេត្តកំពត គ្រប់លំដាប់ថ្នាក់ បន្តខិតខំចូលរួមជំរុញកិច្ចអភិវឌ្ឍន៍បន្ថែមទៀត ពិសេសការចូលរួមជំរុញការងារប្រតិបត្តិច្បាប់ ឱ្យបានកាន់តែប្រសើរឡើង៕