ឯកឧត្តម ហ៊ុន ម៉ានី ប្រគល់លិខិតថ្លែងអំណរគុណ ដល់កងកម្លាំងដែលចូលរួមសង្គ្រោះ ក្នុងហេតុការណ៍បាក់អគារនៅខេត្តព្រះសីហនុ


កងពលតូចលេខ៧០ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ បានប្រារព្ធពិធីថ្លែងអំណរគុណ កងកម្លាំងដែលបានចូលរួមប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងឧបទ្ទវហេតុបាក់រលំអគារ នៅខេត្តព្រះសីហនុ កាលពីខែមិថុនាកន្លងទៅនេះ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកឧត្តមសេនីយឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ អមដំណើរដោយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តព្រះសីហនុ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានបញ្ជាក់ថា សព្វថ្ងៃនេះកងអនុសេនាធំ សង្គ្រោះបន្ទាន់៧១១ បានជួយសង្គ្រោះ អាយុជីវិត ដល់ប្រជាពលរដ្ឋសម្រាប់ការងារសង្រ្គោះបឋម គឺដើម្បីសង្រ្គោះជីវិត និងដើម្បីជួយសម្រាលស្ថានភាពដល់ជនរងគ្រោះ ដែលរងគ្រោះដោយសារអគ្គីភ័យ និងគ្រោះថ្នាក់ចរាចរណ៍ តាមបណ្តោយផ្លូវជាតិលេខ៣, លេខ៤ និងបណ្តាខណ្ឌភាគខាងលិចរាជធានីភ្នំពេញ និងបញ្ចូនអ្នករងគ្រោះទៅកាន់មន្ទីរពេទ្យរដ្ឋនានា។

ជាពិសេសមួយរយៈកន្លងមកថ្មីនេះ កងសង្រ្គោះបន្ទាន់៧១១ បានចូលរួមក្នុងប្រតិបត្តិការរុករក និងសង្រ្គោះជនរងគ្រោះ ក្នុងឧបទ្ទវហេតុបាក់ស្រុតអគារ នៅខេត្តព្រះសីហនុ និងចុះទៅជួយសង្រ្គោះបុរសដែលធ្លាក់កៀកជាប់ថ្ម អស់រយៈពេល០៣យប់០៤ថ្ងៃ ក្នុងរូងថ្មភ្នំហុងទឹក នៅខេត្តបាត់ដំបង សម្រាប់កងសង្រ្គោះបន្ទាន់ និងកងពន្លត់អគ្គីភ័យ៧១១ គឺបានជួយសម្រួលទុកលំបាក និងជួយសង្រ្គោះដល់ប្រជាពលរដ្ឋដែលរងគ្រោះ។

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ បានរំលឹកពីគំរូវីរភាពរបស់កងកម្លាំង និងក្រុមសង្រ្គោះទាំងអស់ ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ធ្វើយ៉ាងណាសង្គ្រោះអាយុជីវិតជនរងគ្រោះ ដែលនេះបានសបញ្ជាក់ពីការយកចិត្តទុកដាក់ ចំពោះក្រុមគ្រួសារខ្មែរយើងក្នុងគ្រាលំបាក និងគ្រប់កាលៈទេសៈ។

សូមជម្រាបផងដែរថា កាលពីថ្ងៃ ២២ ខែមិថុនា ឆ្នំា២០១៩ មានឧបទ្ទវហេតុបាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ ចំនួន២៨នាក់ និងរបួសចំនួន២៦នាក់ ដែលបេសកកម្មនេះត្រូវបានប្រព្រឹត្តទៅរយៈពេល ៣យប់ ៤ថ្ងៃ ហើយត្រូវបានចូលរួមសង្រ្គោះ ដោយក្រុមសង្គ្រោះសរុប ចំនួន១,៤៨៧នាក់។ ក្នុងនោះមានកងពលតូចថ្មើរជើងលេខ៧០ បានបញ្ជូនកងកម្លាំងចំនួន៧១នាក់ និងបរិក្ខាសង្គ្រោះផ្សេងៗ បានទាន់ពេលវេលា និងការយកចិត្តទុកដាក់ខ្ពស់បំផុត៕