ម៉ាឡេស៊ីគ្រោងបង្កើតរោងចក្រផលិតលីបកង់ និងគ្រឿងបង្គុំ សម្រាប់ផ្គត់ផ្គង់ការផលិតទោចក្រយាននៅកម្ពុជា


ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ បានទទួលជួបពិភាក្សាការងារ ជាមួយលោក អែលឌីន ហូសៃនី បីន ម៉ូហាម៉េត ហាសស៊ីម (Eldeen Husaini Bin Mohd Hashim) ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា។

ជាកិច្ចចាប់ផ្ដើមឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងថា កិច្ចប្រជុំជាមួយលោក អែលឌីន ហូសៃនី បីន ម៉ូហាម៉េត ហាសស៊ីម នាថ្ងៃនេះជាពេលវេលាមួយដ៏សមស្រប គាប់ជួននឹងដំណើរទស្សនកិច្ចរបស់ លោក មូហាធា មូហាម៉ែត នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មកប្រទេសកម្ពុជានៅពេលខាងមុខដ៏ខ្លី។

ឯកឧត្តមបន្ដថា ម្យ៉ាងវិញទៀតកិច្ចប្រជុំនេះ បានផ្ដល់ឱកាសសម្រាប់ពិភាក្សា លើការងារសហការក្នុងការបង្កើតរោងចក្រផលិតលីបកង់ និងគ្រឿងបង្គុំដទៃទៀត សម្រាប់ផ្គត់ផ្គង់ក្នុងវិស័យផលិតទោចក្រយាននៅកម្ពុជា ជាកិច្ចសម្រួលដល់ខ្សែច្រវាក់ផលិតកម្ម ក៏ដូចជាបង្កើតជាផលសរុបក្នុងតំបន់ ក្រោមវិធានប្រភពកំណើតទំនិញ។

លើសពីនោះថែមទៀត ឯកឧត្តមរដ្ឋមន្ត្រីបានរំលឹកឡើងវិញ នូវប្រសាសន៍របស់ថ្នាក់ដឹកនាំអាស៊ាន លើការជំរុញពាណិជ្ជកម្មក្នុងតំបន់អាស៊ាន ឲ្យកើនឡើងបន្ថែមទៀត។

ជាកិច្ចឆ្លើយតប លោកអគ្គរាជទូត ឯកភាពទាំងស្រុងជាមួយប្រសាសន៍ របស់ឯកឧត្តមរដ្ឋមន្ត្រីព្រមទាំងនឹងពាំនាំប្រសាសន៍ទាំងនោះ ជូនទៅស្ថាប័នរបស់ម៉ាឡេស៊ី បន្តទៀត។ លោកបន្ត ថា ការពង្រីកទំហំពាណិជ្ជកម្ម ក្នុងតំបន់អាស៊ានពិតជាមានសារៈសំខាន់ សម្រាប់សមាជិកអាស៊ានទាំងអស់។

ដោយឡែកសម្រាប់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ាឡេស៊ី នៅក្នុងដំណើរទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នាពេលខាងមុខ ភាគីម៉ាឡេស៊ី មានបំណងលើកប្រធានបទនេះ និងប្រធានបទមួយចំនួនទៀត រួមមាន ការពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី កិច្ចសហការក្នុងវិស័យហិរញ្ញវត្ថុ និងវិស័យធុរកិច្ចជាដើម ដើម្បីពិភាក្សា។

លើប្រធានបទពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្ដល់ធាតុចូលបន្ថែម ដោយចង្អុលបង្ហាញវិស័យទេសចរណ៍ ជាវិស័យមានសក្ដានុពលមួយ ព្រមទាំងស្នើសុំឲ្យសហគមន៍ធុរកិច្ចកម្ពុជា និងម៉ាឡេស៊ី ពិនិត្យលទ្ធភាពក្នុងការចុះអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រឹងទំនាក់ទំនងធុរកិច្ចរវាងប្រទេសទាំងពីរ៕