ឯកឧត្តម វ៉ី សំណាង ចុះសួរសុខទុកកម្មករ-កម្មាការិនី និងអប់រំពីបញ្ហាសុវត្ថិភាពចរាចរដល់អ្នកបើកបរដឹកកម្មករ ក្នុងខេត្តកំពង់ស្ពឺ


រសៀលថ្ងៃទី ៣១ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានចុះសួរសុខទុក​កម្មករ-កម្មាការិនី ក្នុងស្រុកគងពិសី និងធ្វើ​យុទ្ធសាស្ត្រទិសដៅ សម្រាប់វិស័យការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែល​ស្របតាមទិសដៅ គោលនយោបាយជាតិសុវត្ថិភាពផ្លូវគោក ការខិតប្រឹងប្រែង និងគិតគូរជាអត្ថិភាពសំខាន់អាយុជីវិត ប្រជាពលរដ្ឋ និងកាត់បន្ថយ​​ហានិភ័យ ក្នុងធ្វើដំណើរតាមដងផ្លូវក្នុងកម្រិតទាប ថែមទាំងរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកំពស់ការយល់ដឹងមូលដ្ឋានច្បាប់​។

​ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងប្រធានអនុគណ:កម្មការជាតិសុវត្ថិភាពចរាចរ​ផ្លូវគោកខេត្ត បានកំណត់នូវសកម្មភាពជាយុទ្ធសាស្ត្រ និង​យន្តការគោលនយោបាយមួយចំនួន ដូចជា៖

ទី១/បណ្តុះបណ្តាលជនបង្គោលសុវត្ថិភាពចរាចរ​ណ៍តាមសហគម​ន៍ និងសាលារៀនក្នុងខេត្តកំពង់ស្ពឺ។

ទី២/បន្តជំរុញការអនុវត្តនច្បាប់ចរាចរណ៍តាមដងផ្លូវជាប្រចាំ យុទ្ធការតាមសហគមន៍ លើកកំពស់ការយល់ដឹង។

ទី៣/ការគោរពច្បាប់សហគមន៍ គ្មានរថយន្តកែឆ្នៃ និងការដឹកលើសទំងន់កំណត់ជំរុញការត្រួតពិនិត្យយានដ្ឋាន

ទី៤/បំពាក់បរិក្ខាសុវត្ថិភាពផ្លូវថ្នល់ និងកែលំអ​កត្តាវិស្វកម្មផ្លូវថ្នល់

ទី៥/យុទ្ធនាការជំរុញបង្កើនការពាក់មួកសុវត្ថិភាព​ ការគោរពល្បឿនកំណត់ ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព មិនត្រូវប្រើប្រាស់គ្រឿងអេឡិចត្រូនិច និ​ងទូរស័ព្ទកំពុងបើកបរគ្មានអ្នកស្រវឹង ឬសេពគ្រឿងញឿន

ទី៦/បើកបរយានយន្ត ពង្រឹងគុណភាព ការប្រឡងយកប័ណ្ណបើកបរ ពង្រឹងយន្តការគ្រប់គ្រងសហគមន៍ដឹកជញ្ជូន និងអ្នកដំណើរ

​ទី៧/ការចូលរួមចំណែក ដៃគូរវិស័យសាធារណរដ្ឋ និងឯកជន លើការងារសុវត្ថភាពចរាចរណ៍ សហការ​ស្វែងរកយន្តការជាមួយសមាគមន៏ដឹកជញ្ជូន អង្គការដៃគូរ ក្នុងការរៀបចំមជ្ឈមណ្ឌលបណ្តុះបណ្តាល ដល់អ្នកបើកបរដឹកកម្មករ អ្នកបើកបរថយន្តធំ​ដឹកទំនិញ​ និងទី៨៖ជំរុញការសិក្សាមជ្ឈមណ្ឌល គ្រប់គ្រងព័ត៌មានចរាចរណ៍ និងសង្គ្រោះបន្ទាន់ធ្វើឲ្យប្រសើរសេវាសង្គ្រោះបន្ទាន់ លើជនរងគ្រោះថ្នាក់​ចរាចរណ៍។

បន្ថែម​ពីនេះ ឯកឧត្តម បានសង្កត់ធ្ងន់​ថា កត្តាដែលនាំមានការជោគជ័យធំបំផុត សម្រាប់ផែនការសុវត្ថិភាពនេះគឺ កត្តាចូលរួមអនុវត្តទាំងអស់គ្នាគ្រប់ភាគីពាក់ព័ន្ធ ប្រជាពលរដ្ឋ វិស័យឯកជន និងកត្តាអប់រំរៀនសូត្រស្វ័យសិក្សា និងស្ម័គចិត្តគោរពច្បាប់ទាំងអស់គ្នា​។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង​ អមអំណើរដោយ លោក​ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និង​លោកអភិបាលស្រុកគងពិសី បន្ដសំណេះសំណាល និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដល់​កម្មករ កម្មការនី រោងចក្រ​ CHC នៅស្រុកគងពិសី ចំនួន៤,១០០នាក់​ ជាពិសេស អ្នកបើរដឹកកម្មករអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរត្រូវពាក់មួកសុវត្ថិភាពចរាចរ​ជាប្រចាំ ​ហាមដាចខាត់មិនត្រូវបញ្ជាយាន្តពេ​លស្រវឹង។