ឯកឧត្តម ថោ ជេដ្ឋា បានដឹកនាំក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ចុះត្រួតពិនិត្យ និងផ្តល់មតិយោបល់ណែនាំ លើការងារបច្ចេកទេស និងវឌ្ឍនភាព នៃការសាងសង់ច្រាំងទន្លេមេគង្គ


នៅថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការ និងជាប្រធានមុខព្រួញត្រួតពិនិត្យទឹកទិសដៅខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ បានដឹកនាំក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ចុះត្រួតពិនិត្យ និងផ្តល់មតិយោបល់ណែនាំ លើការងារបច្ចេកទេស និងវឌ្ឍនភាព នៃការសាងសង់ច្រាំងទន្លេមេគង្គ ដើម្បីការពារច្រាំងបាក់ នៅក្រុងកំពង់ចាម ដែលមានបណ្តោយ ១៧០ម និងទទឹង ២១ម ជារួមការអនុវត្តសម្រេច បាន៧៥% និងមានលក្ខណៈល្អប្រសើរ។

បន្ទាប់មក ឯកឧត្តម រដ្ឋលេខាធិការ បានបន្តចុះត្រួតពិនិត្យការងារបង្កបង្កើនផលស្រូវវស្សា នៅអាងទំនប់អណ្តូង ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ៩០០ហិកតា ស្ថិតនៅក្នុងឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

យោងតាមការពិនិត្យព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកទន្លេមេគង្គមានការហក់ឡើងជា បន្តបន្ទាប់ ដូចនេះ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឲ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម និងអាជ្ញាធរពាក់ព័ន្ធ បន្តតាមដានស្ថានភាពច្រាំងទន្លេ និងកម្ពស់ទឹកទន្លេមេគង្គដោយមានការប្រុងប្រយ័ត្នខ្ពស់៕