ឯកឧត្ដម គួច ចំរើន អញ្ជើញជួបសំណេះសំណាលជាមួយកុមារកំព្រា និងនាំអំណោយទៅឧបត្ថម្ភដល់បុរីកុមារកំព្រាខេត្តព្រះសីហនុ


នៅព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម គួចចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយកុមារកំព្រា និងនាំយកអំណោយឧបត្ថម្ភ ដល់បុរីកុមារកំព្រាខេត្តព្រះសីហនុ។

លោកស្រី សំ ខាន់ឌី នាយិការបុរីកុមារ កំព្រារខេត្តព្រះសីហនុ បានឱ្យដឹងថា បច្ចុប្បន្នបុរីកុមារកំព្រារទទួលកុមារកំព្រារស្នាក់នៅចំនួន២៦នាក់ ប្រុស ៥នាក់ ហើយបុរី បានបញ្ជូនកុមារកំព្រារទាំងអស់ចូលសិក្សារៀនសូត្រនៅតាមសាលារដ្ឋ ដូចកុមារដទៃ ទៀតផងដែរ កុមារដែលចេញពីបុរី ៩០ភាគរយ បានទទួលការងារធ្វើ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែង អំណរគុណអ្នកគ្រូទាំងអស់ ដែលបានខិតខំចិញ្ចឹម ថែទាំកុមារ និងបានបញ្ជូនពួកគេឱ្យ ចូលសាលារៀនសូត្រដូចកុមារដទៃទៀតផងដែរ នេះជាទឹកចិត្តមនុស្សធម៌ក្នុងការមើល ថែទាំកុមារឱ្យមានសុខភាពល្អ និងមានការអប់រំ មានសីលធម៌ក្នុងការរស់នៅ។

ឯកឧត្តមអភិបាលខេត្ត ក៍បានផ្តាំផ្ញើដល់ក្មួយកុមារកំព្រាទាំងអស់ ត្រូវស្តាប់តាម ការអប់រំរបស់អ្នកគ្រូក្នុងបុរី និងខិតខំសិក្សារៀនសូត្រឱ្យមានចំណេះដឹង ចំណេះធ្វើ ក្លាយខ្លួនជាកូនល្អ កុមារល្អ ពលរដ្ឋល្អ នៅពេលក្មួយៗចេញពីបុរី ក្មួយៗអាចរកការងារ ធ្វើបានល្អ ដើម្បីចិញ្ចឹមជីវិត និងបង្កើតគ្រួសារ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកអំណោយឧបត្ថម្ភ ដល់បុរីកុមារកំព្រារខេត្តព្រះសីហនុមានដូចជា ស្កសរ ៥០គីឡូក្រាម អំបិល៥០កញ្ចប់, ប៊ីចេង ៥០កញ្ចប់, ក្រមា៥០, កន្សែងពោះគោ៣០, ត្រីខកំប៉ុង២កេសធំ, ទឹកសុទ្ធ៥០កេស។ ចំពោះអ្នកគ្រូចំនួន៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១លានរៀល និងកុមារកំព្រាចំនួន ២៦នាក់ ក្នុងម្នាក់ទទួលបានថវិកា ៥ម៉ឺនរៀល៕