សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលប្រគល់ផ្ទះ៣ខ្នងឱ្យចាស់ជរា និងជនក្រីក្រ នៅ ស្រុកអង្គស្នួល


នៅថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដឹកនាំដោយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលរងខេត្តកណ្តាល និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានអញ្ជើញចុះសាកសួរសុខទុក្ខ និង ប្រគល់ផ្ទះចំនួន ៣ខ្នង ជូនចាស់ជរា និងជនក្រីក្រ ដែលទទួលរងគ្រោះរលំផ្ទះទាំងស្រុង ដោយសារខ្យល់កន្ត្រាក់ នៅភូមិព្រែកចម្ការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីអំឡុងខែមេសា ឆ្នាំ២០១៩ កន្លងមក។

ក្នុងពិធីប្រគល់ផ្ទះជូនចាស់ជរា និងជនក្រីក្រនោះ ឯកឧត្តម គង់ សោភ័ណ្ឌ  បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិតិ្តព្រឹទ្ធបណិ្ឌត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដោយកី្តនឹករឭក ។ ផ្ទះដែលប្រគល់ឱ្យនៅពេលនេះ សង់អំពីបេតុងប្រក់ស័ង្កសី មានទំហំ ៤ម៉ែត្រ គុណនឹង ៥ម៉ែត្រ មានបន្ទប់ទឹក១ ដោយចំណាយថវិកាសាសង់អស់ ៣.៥០០ដុល្លារអាម៉េរិក ក្នុង១ខ្នងផ្ទះ ហើយចាស់ជរា និងជនក្រីក្រចំនួន ៣គ្រួសារ ដែលទទួលទទួលបានផ្ទះពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលនេះ គឺ ទី១-លោកយាយ ប៉ូវ លន់ អាយុ៧៥ឆ្នាំ ចាស់ជរា និងក្រីក្រ។ ទី២-អ្នកមីង ផែន អាត អាយុ ៥២ឆ្នាំជាជនក្រីក្រ ។ ទី៣-បងស្រី យ៉ាន សុភឿន អាយុ ៣៧ឆ្នាំជាជនក្រីក្រ។

ក្នុងពិធីប្រគល់ផ្ទះនេះ ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលក៏បាននាំយកអំណោយមនុស្សធម៌ ជូនពួកគាត់ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ៣០គីឡូក្រាម មី ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ មុង១ អាវយឺតមួយចំនួន និងថវិកាចំនួន១០ម៉ឺនរៀល៕