អតីតចំណតរថយន្តបណ្ដោះអាសន្នមុខប្រាសាទអង្គរវត្តនឹងកែប្រែជាកន្លែងដាំស្មៅនិងកូនឈើឡើងវិញ


ដើម្បីចូលរួមលើកកម្ពស់របៀបរៀបរយ សោភ័ណភាព បរិស្ថាន ទេសភាពបៃតងក្នុងរមណីយដ្ឋានអង្គរឱ្យស័ក្ដិសមជាតំបន់បេតិកភណ្ឌពិភពលោក ព្រមទាំងទាក់ទាញភ្ញៀវទេសចរឲ្យកាន់តែច្រើន អាជ្ញាធរជាតិអប្សរាបាននឹងកំពុងកែប្រែទីតាំងអតីតចំណតបណ្ដោះអាសន្ននៅបរិវេណមុខប្រាសាទអង្គរវត្ត ឱ្យក្លាយជាវាលស្មៅបៃតង និងដាំកូនឈើឡើងវិញជុំវិញបរិវេណនេះ។

បច្ចុប្បន្ន ការងារនេះបានដំណើរការជាបន្តបន្ទាប់ ក្នុងនោះអាជ្ញាធរជាតិអប្សរាកំពុងធ្វើការកាយប្រភេទដីរឹង មានក្រួស ចេញពីទីតាំងខាងលើ ដោយជំនួសមកវិញនូវប្រភេទដីជីជាតិអាចដាំដុះបាន។

ការរៀបចំនេះ គឺជាផ្នែកមួយនៃផែនការរួមក្នុងការរៀបចំរបៀបរៀបរយ សណ្ដាប់ធ្នាប់ នៅមុនប្រាសាទអង្គរវត្ត ដោយក្នុងនោះមានការដាំស្មៅ ដាំដើមឈើឡើងវិញ និងរៀបចំជាចំណតឱ្យបានត្រឹមត្រូវស្របទៅតាមលំហូរនៃយានយន្តនិងការចរាចរណ៍របស់ភ្ញៀវទេសចរនៅប្រាសាទអង្គរវត្ត៕