ឧត្តម ផាន់ ចាន់ធុល បានទទួលព្រះអំណោយស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគ ពីព្រះមេគណខេត្ត ទាំង ២គណៈ ដើម្បីយកទៅបម្រើដល់ការងារមនុស្សធម៌ក្នុងខេត្តប៉ៃលិន


ប៉ៃលិន ៖ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅវត្តសន្តិមារ៉ាម ហៅវត្តអូរច្រា រដ្ឋបាលខេត្តប៉ៃលិន ដែលដឹកនាំដោយឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត បានទទួលព្រះអំណោយស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគ ពីព្រះមេគណខេត្ត ទាំង ២គណៈ ដើម្បីយកទៅបម្រើដល់ការងារមនុស្សធម៌ក្នុងខេត្តប៉ៃលិន។
ព្រះមេគណខេត្ត ទាំង ២គណៈបានមានសង្ឈដីកាថា៖ អំណោយទាំងនេះបានមកពីពុទ្ធបរិស័ទ ចំណុះជើងវត្ត ជិតឆ្ងាយ ប្រគេនដល់ព្រះសង្ឈគ្រប់វត្ត ហើយព្រះសង្ឃក៍បានផ្តល់ជូនបន្តដល់អាជ្ញាធរខេត្តប៉ៃលិន សម្រាប់ជួយដល់ជនក្រីក្រ ជនងាយរងគ្រោះ ក្មេងកំព្រា ចាស់ជរាគ្នានទីពឹង និងផ្សេងៗទៀត ដោយមិនប្រកានពូជសាសន៍ ពណ៌សប្បុរ និន្នាការនយោបាយឡើយ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ព្រះពុទ្ធសាសនា បច្ចុប្បន្នបានចូលរួមចំណែកយ៉ាងសកម្មផ្នែកការងារមនុស្សធម៌ និងលើកកម្ពស់សីលធម៌ ចរិយាធម៌ ដល់កុលបុត្រកុលធីតាបច្ឆាជន ជំនាន់ក្រោយឲ្យចេះសាងអំពើល្អ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ក្នុងគោលបំណងកាត់បន្ថយ ការខុសឆ្គង ក្នុងច្បាប់រដ្ឋ និងប្រពៃណីជាតិយើង ដើម្បីពង្រឹងទាំងចំណេះដឹង ទាំងជំនាញ និងបទពិសោធន៍ រួមចំណែកដល់ការអភិវឌ្ឍជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ ឯកឧត្តម ផាន់ ចាន់ធុល ក្នុងនាមរដ្ឋបាលខេត្ត បានថ្លែងអំណរព្រះគុណ ចំពោះព្រះមេគណខេត្ត ទាំង២គណៈ និងព្រះសង្ឃគ្រប់វត្ត ដែលជានិច្ចកាល បានចូលរួមចំណែកក្នុងវិស័យអាណាចក្រ មានដូចជា៖ បច្ច័យ គ្រឿងឧបភោគបរិភោគ ដល់រដ្ឋបាលខេត្ត ដើម្បីចូលរួមចំណែកការងារមនុស្សធម៌នៅក្នុងខេត្តប៉ៃលិន។

សូមបញ្ជាក់ថា៖ ព្រះអំណោយដែលរដ្ឋបាលខេត្តប៉ៃលិន ទទួលពីព្រះមេគណខេត្តទាំង២គណៈ រួមមាន៖ អង្ករ ចំនួន ២តោន ស្ករស ចំនួន ១៩០គីឡូ មី ចំនួន ៣៩កេស ទឹកត្រី ចំនួន ៨យួរ និងទឹកស៊ីអ៊ីវ ចំនួន ៦យួរ។