ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ជួបពិភាក្សាការងារជាមួយ លោកប្រធានអង្គការ NPA ថ្មីប្រចាំនៅកម្ពុជា


អាជ្ញាធរមីន៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតអោយ លោក Rune Kristian Dale-Andresen ប្រធានអង្គការ NPA ថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន បានមានប្រសាសន៍ថ្លែងនូវអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលប្រទេសន័រវេស្ស តាមរយៈអង្គការ NPA ដែលបាននឹងកំពុងជួយដល់កម្ពុជាលើការងារបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា និងគម្រោងកសាងសមត្ថភាពដល់អង្គភាពទិន្នន័យអាជ្ញាធរមីន។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើសុំឲ្យលោកប្រធានអង្គការNPAជំរុញរដ្ឋាភិបាលប្រទេសន័រវេស្សជួយកៀរគរថវិកាបន្ថែមជួយដល់ការបោសសម្អាតគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះផ្សេងទៀតនៅកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា កម្ពុជាត្រៀមលក្ខណៈរួចជាស្រេចដើម្បីចូលរួមកិច្ចប្រជុំអន្តរជាតិនៅទីក្រុង OSLO ប្រទេសន័រវេសខាងមុខនេះ ដែលគណៈប្រតិភូកម្ពុជានឹងជួបពិភាក្សាការងារទេ្វភាគីជាមួយនឹងប្រមុខថ្នាក់ដឹកនាំនានារបស់ប្រទេសន័រវេសផងដែរ។

ជាការឆ្លើយតបលោក Rune Kristian Dale-Andresen សន្យាថានឹងជួយសម្របសម្រួលជាមួយរដ្ឋាភិបាលប្រទេស ន័រវេស្ស និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត កៀរគរថវិកាបន្ថែមជួយដល់វិស័យនេះ សម្រាប់ឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ ខាងមុខ។

At Cambodian Mine Action Authority (CMAA), in the morning of August 15, 2019, His Excellency Senior Minister Ly Thuch, First Vice President of CMAA, met Mr. Rune Kristian Dale-Andresen, new Country Director of NPA in Cambodia, for a courtesy call and discussion on landmine and explosive remnant of war cooperation in Cambodia.