ខេត្តសៀមរាប និងសាធារណរដ្ឋឆែកពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងកសិកម្ម


នៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងឯកឧត្តម Marek Libricky ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា ភាគីទាំងពីរបានផ្តោតទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងវិស័យកសិកម្ម ដែលជំនួបពិភាក្សានេះបានធ្វើឡើងកាលពីថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅសាលាខេត្តសៀមរាប។

ក្នុងឱកាសនោះ ឯកឧត្តម ពិន ប្រាកដ បានលើកឡើងអំពីស្ថានភាពភូមិសាស្ត្រនិងសន្តិសុខសេដ្ឋកិច្ចរបស់ខេត្ត ដោយពឹងផ្អែកលើវិស័យកសិកម្ម និងទេសចរណ៍។ឯកឧត្តម ពិន ប្រាកដ បានបញ្ជាក់ជូនភ្ញៀវថា ក្នុងខេត្តសៀមរាបមានប្រជាពលរដ្ឋប្រមាណ ៨២ភាគរយ ជាប្រជាកសិករ ហើយខេត្តសៀមរាបសម្បូរទៅដោយសម្បត្តិវប្បធម៌ដ៏សម្បូរបែប មានប្រាង្គប្រាសាទនិងរមណីយដ្ឋានធម្មជាតិ ដែលជាប្រភពទាក់ទាញភ្ញៀវទេសចរ ។លោកបានបញ្ជាក់ផងដែរថា កំណើននៃភ្ញៀវទេសចរចូលមកទស្សនាកម្សាន្តនៅខេត្តសៀមរាប ពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើង។ ឯកឧត្តមអភិបាលរងខេត្តសៀមរាប ក៏បានស្នើសុំឱ្យឯកអគ្គរដ្ឋទូតឆែក ធ្វើយ៉ាងណាជួយផ្សព្វផ្សាយអំពីសក្កានុពលទេសចរណ៍ ខេត្តសៀមរាប ក៏ដូចជាសក្តានុពលទេសចរណ៍របស់កម្ពុជា ដល់ភ្ញៀវទេសចរសាធារណរដ្ឋឆែក និង ជួយផ្តល់នូវដំណោះស្រាយលើបច្ចេកទេសកសិកម្ម ការពង្រឹងគុណភាពផលិត និងតម្លៃទីផ្សារ។ ក្រៅពីនោះក៏សូមឱ្យជួយផងដែរ ការគ្រប់គ្រងកាកសំណល់វាវ និងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់មុននឹងបង្ហូរចូលក្នុងស្ទឹង ទន្លេ ។

មានប្រសាសន៍ឆ្លើយតប ឯកឧត្តម Marek Libricky បានឱ្យដឹងថា ឯកឧត្តមចង់ឱ្យវិស័យ កសិកម្មនៅកម្ពុជា ជាពិសេសខេត្តសៀមរាបមានលក្ខណៈទំនើប ព្រមទាំងមានរោងចក្រក្នុងការផលិតរាល់កសិផលដែលប្រជាកសិករផលិតបាន និងមានទីផ្សារលក់នូវកសិផលទាំងនោះផងដែរ។ ចំណែកវិស័យទេសចរណ៍ ឯកឧត្តម Marek Libricky ថានឹងពង្រឹងការហោះហើររបស់អាកាសចរណ៍ឆែកមកប្រទេសកម្ពុជា និងបានជម្រាបជូនដល់អាជ្ញាធរខេត្តផងដែរ អំពីការស្នើសុំធ្វើការផ្សព្វផ្សាយ និងជំរុញប្រជាជនឆែកមកធ្វើទេសចរនៅកម្ពុជា សំខាន់នៅខេត្តសៀមរាបនេះ គឺឯកឧត្តមមានភារកិច្ចជាអ្នកផ្សព្វផ្សាយពីប្រទេសឆែកមកកម្ពុជា មិនមែនពីកម្ពុជាទៅសាធារណរដ្ឋឆែកនោះឡើយ។ ក្រៅពីនោះឯកឧត្តម ក៏បានផ្តោតផងដែរអំពីការងារទឹកកខ្វក់នៅខេត្តសៀមរាប ដែលលោកអភិបាលរងខេត្តបានលើកឡើងពីគម្រោងនោះ គឺទីភ្នាក់ងារសម្រាប់ការអភិឌ្ឍឆែកបាននិងកំពុងធ្វើការពិនិត្យ និងវាយតម្លៃទៅលើគម្រោងនេះផងដែរ៕