គជប សម្រេចលុបឈ្មោះជាង ៨ពាន់នាក់ ចេញពីបញ្ជីបោះឆ្នោត


ឈ្មោះ​ចំនួន​ជាង​ ៨​ពាន់​នាក់ ត្រូវ​បាន​លុប​ពី​បញ្ជី​បោះ​ឆ្នោត ដោយ​គណៈ​កម្មាធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ​។ ការ​លុប​ឈ្មោះ​នេះ បាន​អោយ​ដឹង​តាម​សេចក្តី​ប្រ​កាស​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៧​នេះ ដែល​ជា​ថ្ងៃ​ដំបូង​នៃ​ការ​បិទ​ផ្សាយ​បញ្ជី​បោះ​ឆ្នោត​និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​នឹង​ត្រូវ​លុប​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត​តាម​ឃុំ​សង្កាត់​។

សេចក្តី​ប្រ​កាស​របស់​គ​ជ​ប បាន​អំពាវ​នាវ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រួច ទៅ​ពិនិត្យ​មើល​ឈ្មោះ​និង​ផ្ទៀង​ផ្ទាត់​ទិន្ន​ន័យ​របស់​ខ្លួន​នៅ​ឃុំ​សង្កាត់​ចំនួន ១,៦៣៣ ទូ​ទាំង​ប្រ​ទេស​កម្ពុជា​។

សេចក្តី​ប្រ​កាស​របស់​គ​ជ​ប បាន​ឲ្យ​ដឹង​ថា ចំនួន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ដំបូង​ដែល​ត្រូវ​បិទ​ផ្សាយ​សរុប មាន​ចំនួន​ ៧​,៨​​៦​​៤​,​៤២៩​នាក់​។ ចំនួន​ឈ្មោះ​ដែល​នឹង​ត្រូវ​លុប​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត​សរុប ៨​,៣៤៦​នាក់​។ ដោយ​ឡែក​ឈ្មោះ​ដែល​បាន​លុប​ចេញ​រួច​ហើយ មាន​ចំនួន​ ២​,៧៣៧​នាក់ ដោយ​សារ​ទិន្ន​ន័យ​នេះ សល់​ពី​ការ​ចុះ​ឈ្មោះ​សាក​ល្បង និង​ការ​ផ្ទេរ​ការិយា​ល័យ​ក្នុង​ឃុំ​សង្កាត់​។

ការ​បិទ​ផ្សាយ​បញ្ជី​បោះ​ឆ្នោត​ដំបូង​និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​ត្រូវ​លុប​ចេញ​ពី​បញ្ជី បោះ​ឆ្នោត​តាម​ឃុំ​សង្កាត់​នី​មួយ​ៗ ក្រៅ​ពី​មាន​ការ​បិទ​ផ្សាយ​នៅ​តាម​សាលា​ឃុំ​សង្កាត់​ទាំង​១,៦៣៣ ទូ​ទាំង​ប្រ​ទេស​ក៏​មាន​បង្ហោះ​នៅ​លើ​គេហ​ទំព័រ​របស់​គ​ជ​ប ផង​ដែរ​។ គជប​បាន​អោយ​ដឹង​ទៀត​ថា ចាប់​ពី​ថ្ងៃ​ទី​៤​ ដល់​ថ្ងៃ​ទី​១៤ ​ខែ​មករា ឆ្នាំ​២០១៧ គណៈ​កម្មាធិ​ការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត នឹង​ទុក​ពេល​អោយ​ប្រ​ជា​ពល​រដ្ឋ​ប្តឹង​ជំទាស់ ទៅ​លើ​បញ្ហា​មាន​ការ​ខុស​ឈ្មោះ ខុស​អក្ខរា​វិរុទ្ធ​ណា​មួយ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​នោះ​។ ក្នុង​អំឡុង​ពេល​១០​ថ្ងៃ សម្រាប់​ការ​ប្តឹង​តវ៉ា នឹង​ប្តឹង​ទាស់​នោះ ក្រុម​ប្រឹ​ក្សា​ឃុំ​-​សង្កាត់​និង​ភ្នាក់​ងារ គ​.ជ​.ប នឹង​ដោះ​ស្រាយ​ជូន​ពល​រដ្ឋ​ភ្លាម​ៗ​។

ការ​ប្តឹង​តវ៉ា​នឹង​ប្តឹង​ជំទាស់​នោះ ធ្វើ​ឡើង​ជា​ដំណាក់​កាល គឺ​ដំបូង​ប្រ​ជា​ពល​រដ្ឋ​ទៅ​ក្រុម​ប្រឹ​ក្សា​ឃុំ សង្កាត់ ជា​មុន​សិន តែ​បើ​ក្នុង​ករណី​ប្រ​ជា​ពល​រដ្ឋ​មិន​សុខ​ចិត្ត ត្រូវ​ប្តឹង​នៅ​ទី​ស្តី​ការ​នៃ​គណៈ​កម្មាធិ​ការ​ជាតិ រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​រាជ​ធានី​ភ្នំ​ពេញ ឬ​អាច​បន្ត​ប្តឹង​ទៅ​ក្រុម​ប្រឹ​ក្សា​រដ្ឋ​ធម្ម​នុញ្ញ​បន្ត​ទៀត​បាន​។