រដ្ឋមន្ត្រីក្រសួងបរិស្ថានបានទទួលជួបតំណាងក្រុមហ៊ុនមីនេបៀ (MinebeaMitsumi)


ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានទទួលជួបតំណាងក្រុមហ៊ុនមីនេបៀ (MinebeaMitsumi) ដឹកនាំដោយលោកប្រធាន Yoshihisa KAINUMA នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នេះនៅទីស្តីការក្រសួងបរិស្ថានដើម្បីពិភាក្សាការងារនិងស្តាប់របាយការណ៍វឌ្ឍនភាពរបស់ក្រុមហ៊ុនមីនេបៀលើការងារផ្នែកទីក្រុងវ័យឆ្លាត។ តំណាងក្រុមហ៊ុនបានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ដានដែលបានគាំទ្រ និងសហប្រតិបត្តិការលើគម្រោង ទីក្រុងវៃឆ្លាត។ ក្រុមហ៊ុនបានដំឡើងអំពូល LED សម្រាប់ការបំភ្លឺផ្លូវពេលយប់ ហើយអំពូលភ្លើងនេះបានចូលរួមក្នុងការសន្សំសំចៃការប្រើប្រាស់ចរន្តអគ្គិសនី។ អំពូលភ្លើងទាំងនេះត្រូវបានផលិតឡើងដោយក្រុមហ៊ុនជប៉ុនដែលវិនិយោគនៅកម្ពុជា និងប្រើប្រាស់កម្លាំងពលរដ្ឋកម្ពុជា។

ក្រុមហ៊ុនមីនេបៀនេះបាននឹងកំពុងផលិតនូវផលិតផលដែលមានបច្ចេកវិទ្យាខ្ពស់ផ្តល់គុណប្រយោជន៍ដល់បរិស្ថានស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកYoshihisa KAINUMA បានរំឭកថា លោកបានទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់បានជួបពិភាក្សាការងារជាមួយសម្តេចតេជោ នាយករ្ឋមន្ត្រីនៅអំឡុងពេលធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនដើម្បីជម្រាបជូនសម្តេចអំពីគម្រោងទីក្រុងវៃឆ្លាត ហើយពេលនោះសម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យមការដំឡើងអំពូលដែលសន្សំសំចៃចរន្តអគ្គិសនីនេះឱ្យបានច្រើននៅកម្ពុជា។

តាមលោកប្រធាន Yoshihisa KAINUMA គម្រោងនេះត្រូវបានអនុវត្តនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ សរុប អំពូលLED ចំនួន ៧ ៣៥៩ បង្គោលដែលបម្រើឱ្យទម្រង់នៃទីក្រុងវៃឆ្លាតនឹងត្រូវដាក់បរតិបត្តិការនៅឆ្នាំនេះ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនបានដំឡើងបានចំនួន ១ ១៨៧ បង្គោលនៅតាមមហាវិថីចំនួន ៣ នៅរាជធានីភ្នំពេញ។ ចំណែកនៅខេត្តសៀមរាប ក្រុមហ៊ុនបានចុះអនុស្សរណនៃការយោគយល់ជាមួយរដ្ឋបាលសាលាខេត្តសៀមរាបរួចហើយដើម្បីដំឡើង LED បន្ថែមចំនួន ៥០០ ទៀត។ គម្រោងនេះក៏នឹងអាចបន្តអនុវត្តនៅខេត្ត្តព្រះសីហនុដែរ។ នេះបើតាមការបញ្ជាក់របស់លោក Yoshihisa KAINUMA។

ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានស្វាគមន៍នូវវឌ្ឍនភាពការងាររបស់ក្រុមហ៊ុនមីនេបៀលើគម្រោងទីក្រុងវៃឆ្លាតតាមរយៈការប្រើប្រាស់អំពូលភ្លើងដែលប្រើប្រាស់ចរន្តអគ្គិសនីតិចនេះ ដោយឯកឧត្តមបានគូសបញ្ជាក់ថា ការប្រើប្រាស់ចរន្តអគ្គិសនីជាមួយនឹងអំពូលដែលស៊ីភ្លើងតិចមិនមែនត្រឹមតែជួយសន្សំសំចៃចរន្តអគ្គិសនី ប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមកាត់បន្ថយការបំពុលដោយពន្លឺ ជួយសន្សំសំចៃថវិកា និងចូលរួមការពារបរិស្ថាន ហើយធ្វើឱ្យទីក្រុងមានផាសុកភាពក្នុងការរស់នៅ។ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ ក៏បានផ្តួចផ្តើមគំនិតរៀបចំសិក្ខាសាលាដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនមីនេបៀនេះបង្ហាញនូវបច្ចេកវិទ្យាដែលជួយដល់បរិស្ថាននេះដល់ម្ចាស់បុរី និងម្ចាស់សំណង់នានា។ ឯកឧត្តម សាយ សំអាល់ បានគូសបញជាក់ថា គោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា គឺនឹងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែកលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ពោលគឺមិនត្រឹមតែជាប្រទេសអ្នកមានទេ ប៉ុន្តែប្រជាពលរដ្ឋពោរពេញទៅដោយចំណេះដឹង ការទទួលខុសត្រូវ ប្រទេសកម្ពុជាប្រកបដោយផាសុកភាព ទីក្រុងគួរជាទីទាក់ទាញ និងមានសុខដុមរមណីយកម្មសង្គម។