គម្រោងប្រព្រឹត្តកម្មទឹកកខ្វក់ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ


គម្រោងប្រព្រឹត្តកម្មទឹកកខ្វក់ ដែលបានឧបត្ថម្ភ ដោយស្ថានទូត នៃសាធារណរដ្ឋឆែក និង ទីភ្នាក់ងារសម្រាប់ការ អភិឌ្ឍឆែក ជូនដល់មជ្ឈមណ្ឌលការពារកុមារភូមិគ្រួសារថ្មី ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ត្រូវបានសម្ពោធកាត់ខែ្សបូរបើកឲ្យដំណើរការ កាលពីព្រឹកថ្ងៃទី ១៩ ខែ សីហា ឆ្នាំ២០១៩១៩ ក្រោមវត្តមានរបស់លោក Marek Libricky ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឆែក និង លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប រួមទាំងអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ និង ក្រុមការងារបច្ចេកទេសទីភ្នាក់ងារសម្រាប់ការអភិឌ្ឍឆែក ចូលរួមផងដែរ ។

លោកនាយកមជ្ឈមណ្ឌលការពារកុមារភូមិគ្រួសារថ្មី មានប្រសាន៍នាក្នុង ឱកាសនោះ លោក Marek Libricky ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឆែក ក៏បានធ្វើការបញ្ជាក់ថា គម្រោងប្រព្រឹត្តកម្មទឹកកខ្វក់នេះ ដែលរៀបចំធ្វើឡើងដោយទីភ្នាក់ងារសម្រាប់ការអភិឌ្ឍឆែក និង ក្រុមហ៊ុន គឺបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់បរិស្ថាន តាមរយៈគម្រោងប្រព័ន្ធដីសើមប្រព្រឹត្តិកម្មទឹកស្អុយ សំខាន់នៅមជ្ឈមណ្ឌលការពារកុមារភូមិគ្រួសារថ្មី នៃទឹកដីខេត្តសៀមរាប ។

ក្នុងនាមឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត លោក ពិន ប្រាកដ ក៏បានធ្វើ ការថ្លែងនូវអំណរគុណ ចំពោះឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឆែក និង ទីភ្នាក់ងារសម្រាប់ការ អភិឌ្ឍឆែក ដែលបានផ្តល់នូវឧបករណ៍ក្នុងការចម្រោះទឹកកខ្វក់ដល់មជ្ឈមណ្ឌលការពារកុមារភូមិគ្រួសារថ្មី ហើយត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវដំណើរការគម្រោងប្រព្រឹត្តកម្មទឹកកខ្វក់នាពេលនេះ គឺស្របនឹងទិសដៅ ដែលរដ្ឋបាលខេត្តសៀមរាប បាននិងកំពុងជម្រុញ នូវការអនុវត្ត យ៉ាងសកម្មលើវិស័យអភិវឌ្ឍន៍ជនបទ បរិស្ថាន ស្របតាមផែនការ អាទិភាពរបស់ រាជរដ្ឋាភិបាលកម្ពុជា ពិសេសគឺការលើកកម្ពស់កម្រិតជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។

ក្នុងនោះដែរលោក ពិន ប្រាកដ ក៏បានគូសបញ្ជាក់ផង ដែរថា ខេត្តសៀមរាបជា ខេត្តគោលដៅទេសចរណ៍វប្បធម៌មួយដ៏សំខាន់ ដែលមានប្រជាជនរស់នៅក្នុងទីប្រជុំជន ក្រុងប្រមាណជាង ៣០០ពាន់នាក់ និង មានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិមកទស្សនាប្រមាណជាង ៥ លាននាក់ ជារៀងរាល់ឆ្នាំ ។ ដោយសន្ទុះ នៃកំណើនប្រជាពលរដ្ឋ និង ភ្ញៀវទេសចរណ៍គឺជម្រុញនូវកិច្ចអភិវឌ្ឍន៍ខេត្ត លើគ្រប់វិស័យជាបន្តបន្ទាប់ ដែលញ៉ាំងឲ្យរដ្ឋបាលខេត្ត តម្រូវ ការពង្រឹង ពង្រីករៀបចំនូវយន្តការ និង យុទ្ធសាស្រ្តសម្រាប់ដំណើរការ នៃការអភិវឌ្ឍខេត្តមួយ ប្រកបដោយចីរភាព និង កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍនានា ។

ក្នុងឱកាសសម្ពោធគម្រោងប្រព្រឹត្តិកម្មទឹកកខ្វក់ នៅមជ្ឈមណ្ឌលការពារកុមារភូមិគ្រួសារថ្មីនាពេលនេះ គឺបានឆ្លុះបញ្ចាំងពីការចូលរួមចំណែកអភិវឌ្ឍន៍មជ្ឈមណ្ឌល និងខេត្តសៀមរាប និយាយជារួម និង និយាយដោយឡែក គឺបង្កនូវលក្ខណៈរស់នៅកាន់តែប្រសើរ សម្រាប់កុមាររស់នៅក្នុងមជ្ឈមណ្ឌលផ្ទាល់ ក៏ដូចជាភាពងាយស្រួលនានាសម្រាប់ បម្រើការងារប្រចាំថ្ងៃនៅទីនេះនិងបរិស្ថានជុំវិញផងដែរ៕