សហភាពអឺរ៉ុបផ្ដល់ជំនួយ១១២លានអឺរ៉ូ សម្រាប់ជួយដល់វិស័យជលផលនៅកម្ពុជា


ទឹកប្រាក់ជំនួយ១១២លានអឺរ៉ូ ដែលស្មើនឹងប្រមាណជាង១៣០លានដុល្លារអាមេរិក ត្រូវបានសហគម៍អឺរ៉ុបសម្រេចជួយដល់វិស័យជលផល នៅកម្ពុជា សម្រាប់គម្រោងចំនួន២។

ថ្លែងក្នុងពិធីបិទបញ្ចប់កម្មវិធី ស្តីពី «ការជំរុញកំណើនវិស័យកសិកម្ម ប្រកបដោយចីរភាព និងបរិយាប័ន្នលើអនុវិស័យជលផល និងផលិតកម្មសត្វ» និងពិធីប្រកាសដាក់ឲ្យអនុវត្ត កម្មវិធីអភិវឌ្ឍន៍វិស័យជលផល» ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់ទុកការផ្តល់ជំនួយរបស់អឺរ៉ុប គឺជាការចូលរួមចំណែកជួយដល់ដំណើរការរីកចម្រើនរបស់កម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវការអរគុណចំពោះសហគមន៍អឺរ៉ុប ដែលបានផ្តល់ការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា តាមរយៈគម្រោងនានា និងជួយឧបត្ថម្ភគាំទ្រដល់ដំណើរការកសាងជាតិ និងអភិវឌ្ឍន៍កម្ពុជា ចាប់តាំងពីគ្រាក្រលំបាករហូតដល់កម្ពុជា សម្រេចបាននូវសុខសន្តិភាពពេញលេញ លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាព។

គម្រោងទាំង២ដែលអឺរ៉ុបជួយដល់វិស័យជលផលកម្ពុជារួមមាន៖

ទី១៖ ការជំរុញកំណើនវិស័យវារីវប្បកម្មប្រកបដោយចីរភាព និងបរិយាប័ន្ននៃវារីវប្បកម្ម (CAPFISH-Aquaculture)» ដែលបានចុះកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលជាមួយសហគមន៍អឺរ៉ុប (EU) និង ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្រាប់៦ឆ្នាំ (២០១៨-២០ ២៣) ថវិកា២៥លានអឺរ៉ូ។

ទី២៖ ការជំរុញកំណើនវិស័យជលផលប្រកប ដោយចីរភាព និងបរិយាប័ន្ន៖ សមាសភាគការនេសាទ (CAPFISH-Capture) ជាកម្មវិធីផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ EU ថវិកា៨៧លានអឺរ៉ូ និងបានចុះកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលជាមួយ EU នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ សម្រាប់៥ឆ្នាំ (២០១៩-២០២៣)។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំដល់មន្រ្តីអនុវត្តគម្រោងទាំងអស់ ត្រូវយកចិត្តទុកដាក់ សហការឲ្យបានល្អជាមួយម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សហគមន៍កសិកម្មទាំងអស់ ដើម្បីអនុវត្តគម្រោងកម្មវិធីនេះ ឲ្យរលូនប្រកបដោយមនសិការវិជ្ជាជីវៈ តម្លាភាព ទទួលខុសត្រូវខ្ពស់ឲ្យសម្រេចបានជោគជ័យ ទៅតាមការរំពឹងទុក។

ឯកឧត្តមរដ្ឋមន្ដ្រីសង្ឃឹមថា EU នឹងចូលរួមអភិវឌ្ឍកម្ពុជាជាបន្តទៀត សំដៅប្រែក្លាយប្រទេសនេះ ឲ្យទៅជាប្រទេសមួយមានភាពជឿនលឿ នប្រកបដោយក្តីសង្ឃឹម ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងឈានឆ្ពោះ ទៅសម្រេចចក្ខុវិស័យនាឆ្នាំ២០៣០ និងឆ្នាំ២០៥០។

លោក Geoge Edgar បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ ក្នុងនាមដៃគូអភិវឌ្ឍរយៈពេលវែង ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយបានឃើញសមិទ្ធផលដ៏មានតម្លៃជាច្រើន កើតចេញពីកម្មវិធីខាងលើ ដែលបានចូលរួមចំណែកអភិវឌ្ឍវិស័យជលផល និងផលិតកម្មសត្វ ដោយបានផ្តល់ប្រយោជន៍ ដោយត្រង់ឲ្យទៅកសិករខ្នាតតូច នៅទូទាំងប្រទេស។

លោកសង្ឃឹម និងជឿជាក់ថា ជំនួយហិរញ្ញវត្ថុនេះ នឹងជួយក្រសួងដៃគូអភិវឌ្ឍភាគីពាក់ព័ន្ធ និងជាពិសេសសហគមន៍នេសាទ ក្នុងការសហការគ្នាយ៉ាងសកម្មហ្មត់ចត់ ដើម្បីគ្រប់គ្រង និងប្រើប្រាស់ធនធានជនផលទាំងទឹកសាប និងសមុទ្រឲ្យកាន់តែមានប្រសិទ្ធភាព ផ្តល់ប្រយោជន៍ដល់ប្រជាសហគមន៍កាន់តែប្រសើរឡើង។

លោកបានបញ្ជាក់ថា «ខ្ញុំក៏ដូចជា EU ចង់ឃើញប្រជាពលរដ្ឋកម្ពុជា ទទួលបានប្រយោជន៍ពីកម្មវិធីនេះ ដោយស្មើភាពគ្នា តម្លាភាព ចីរភាព និងនិរន្តរភាពនៃធនធានធម្មជាតិបឹងទន្លេសាប និងសមុទ្រដ៏មានតម្លៃរបស់កម្ពុជា»