ក្រសួងសង្គមកិច្ច បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីសេវាយុត្តិធម៌សម្រាប់ជនពិការ នៅកន្លែងធ្វើការ


ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី សេវាយុត្តិធម៌សម្រាប់ជនពិការ នៅកន្លែងធ្វើការ រយៈពេល២ថ្ងៃ នាថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។ សិក្ខាសាលា ផ្តោតសំខាន់លើការធ្វើគោលនយោបាយ គោរពសិទ្ធិជនពិការ នៅកន្លែងការងារ និងការបង់ប្រាក់ភាគទាន។

ឯកឧត្តម ឡៅ វ៉េង អគ្គនាយករងបច្ចេកទេស នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញការផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារ និង លើកកម្ពស់សិទ្ធិជនពិការ ដល់វិស័យឯកជន ឱ្យអនុវត្តកាតព្វកិច្ច ដូចដែលបានប្បញ្ញត្តិក្នុងច្បាប់ជាតិ និងច្បាប់អន្តរជាតិ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាធរមាន ជាពិសេសការមកចុះបញ្ជីកាជាមួយក្រសួង/មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដែលតម្រូវឱ្យមានគោលនយោបាយ គោរពសិទ្ធិជនពិការ នៅកន្លែងការងារ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឡៅ វ៉េង ក៏បានផ្តល់ជាអនុសាសន៍សំខាន់ៗមួយចំនួន ដើម្បីពង្រឹងការងារឲ្យរីកចម្រើនបន្ថែមទៀត។ អនុសាសន៍សំខាន់ៗទាំងនោះរួមមាន៖
១៖ ស្នើឲ្យអ្នកចូលរួមទាំងអស់ ជាមួយអង្គភាពជាប់កាតព្វកិច្ចទាំងអស់ស្តាប់ការពន្យល់របស់វាគ្មិនជំនាញដោយយកចិត្តទុកដាក់
២៖ ស្នើអង្គភាពជាប់កាតព្វកិច្ចទាំងអស់ មកចុះបញ្ជីកានៅមន្ទីរ/ក្រសួងសង្គមកិច្ច អតីតយុទ្ធជន នឹងយុវនីតិសម្បទា
៣៖ ស្នើអង្គភាពជាប់កាតព្វកិច្ចទាំងអស់ ត្រូវជូនដំណឹងជាបន្ទាន់មកក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បាទា
៤៖ ស្នើរដ្ឋបាលខេត្តសៀមរាប ជួយជំរុញក្នុងការអនុវត្តលិខិតទាំងអស់របស់ក្រសួងនានា
៥៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប និង អង្គភាពពាក់ព័ន្ធ អនុវត្តការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ
៦៖ រដ្ឋបាលសិទ្ធិជនពិការ បន្តសហការជាមួយមូលនិធិជនពិការ ដើម្បីបន្តការចុះជំរុញអនុវត្តច្បាប់
៧៖ រដ្ឋបាលសិទ្ធិជនពិការ បន្តស្រង់ស្ថិតិជនពិការចូលបម្រើការងារតាម ក្រសួងស្ថាប័នរដ្ឋ និងវិស័យឯកជនឲ្យទាន់ពេលវេលា។

ជាមួយគ្នានោះ ឯកឧត្តម នាក់ ណារ៉ុន អភិបាលរងខេត្តសៀមរាប បានលើកឡើងថា សិក្ខាសាលានេះ បានបង្ហាញពីការយកចិត្តទុកដាក់ជនពិការ នៅកន្លែងការងារ ធ្វើយ៉ាងណាធានា បាននូវយុត្តិធម៌ សម្រាប់ជនពិការ ក្នុងពេលបំពេញការងារឲ្យសមស្របទៅតាមច្បាប់ដែលបានបញ្ញាត្តិជាធរមាន។

ឯកឧត្តម នាក់ ណារ៉ុន បានបន្ថែមថា សិក្ខាសាលានេះ ក៏ជាសញ្ញាណដ៏ល្អចំពោះការធានាបាន នូវសិទ្ធិ និងករណីកិច្ចដែលជនពិការ ត្រូវទទួលបាន រួមជាមួយនឹងការការពារដែលយុត្តិធម៌ ចំពោះជនគ្រប់រូបដែលរស់នៅក្នុងសង្គម។

គួរបញ្ចាក់ថា រាជរដ្ឋាភិបាលកម្ពុជាដាក់ឲ្យអនុវត្តនូវច្បាប់ស្តីពីការកំណត់អត្រាជនពិការឲ្យចូល បម្រើការងារ និងលើកទឹកចិត្តទាំងវិស័យរដ្ឋនិងឯកជនឲ្យជ្រើសរើសជនពិការចូលបម្រើការងារជាលទ្ធផល យើងមើលឃើញថា ចំនួនជនពិការចូលបម្រើការងារមានការកើនឡើង។

ជាក់ស្តែងក្នុងឆ្នាំ២០១៨ ជនពិការចូលបម្រើការងារ ក្នុងក្រសួងស្ថាប័នរដ្ឋ ចំនួន៤០មានជនពិការចំនួន ២៨៣៩នាក់ ក្នុងនោះស្រ្តីពិការចំនួន ៧៥៦នាក់ និងជនពិការកម្រិតធ្ងន់ ចំនួន១៤៧៨នាក់ ស្មើនឹង៤៤៧១នាក់ បើគិតជាភាគរយ ១,៩៣%។

ដោយឡែក វិស័យឯកជន ស្ថិតិក្រសួងបានសាកល្បងលើរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប លើ៧៧អង្គភាព គឺមានជនពិការចូលបម្រើការងារ ចំនួន៣០៥៥នាក់ក្នុងមានស្រ្តី ១៩៤៧នាក់ កម្រិតធ្ងន់ចំនួន៤២០នាក់សរុបគឺស្មើ ៣៤៧៥នាក់ សរុបទាំងស្ថាប័នរដ្ឋ និងឯកជនទូទាំងប្រទេសទាំងមូល មានចំនួនជនពិការ ៥៨៦៨នាក់៕