ឯកអគ្គរាជទូតជប៉ុនចប់អាណត្តិវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងជប៉ុន លើវិស័យបរិស្ថាន


នៅក្នុងជំនួបជាមួយឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាព្រឹកថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២០៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម Hidehisa Hironouchi ឯកអគ្គរាជទូតជប៉ុនចប់អាណត្តិប្រចាំព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រត្តិការល្អរវាងប្រទេសកម្ពុជា និងជប៉ុន ជាពិសេសក្នុងវិស័យគ្រប់គ្រងបរិស្ថាន។ ឯកឧត្តម ឯកអគ្គរាជទូត បានសំដែងការរីករាយដោយឃើញកម្ពុជារីកចម្រើនលើគ្រប់វិស័យ ទាំងស្ថេរភាពនយោបាយ និងសេដ្ឋកិច្ច និងបានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលផ្តល់កិច្ចសហការល្អជាមួយទាំងស្ថាប័នរដ្ឋ និងវិស័យឯកជនជប៉ុន លើវិស័យបរិស្ថាន។ ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន លើវិស័យបរិស្ថាននាពេលកន្លងមក ជាពិសេសតាមរយៈឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលខិតខំប្រឹងប្រែងពង្រឹងនិងពង្រីក ទាំងវិស័យសេដ្ឋកិច្ច និងនយោបាយ រវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថាប្រទេសជប៉ុនបានចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាន ជាពិសេសក្រុមហ៊ុន Minebea ដែលមាន មូលដ្ឋាននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រាជធានីភ្នំពេញ ផលិតចេញជាផលិតផលជួយដល់បរិស្ថាន ផលិតផលបញ្ចេញកាបូនតិច ដូចជាអំពូលភ្លើង LED កំពុងប្រើប្រាស‘នៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាបផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ក្រុមហ៊ុនជប៉ុន ដែលគិតគូរពីបរិស្ថាន ចូលរួមវិនិយោគនៅខេត្តព្រះសីហនុ ដែលជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញពីការពង្រឹងសហប្រតិបត្តិការផ្សេងទៀតរវាងកម្ពុជា ជាមួយប្រទេសជប៉ុន ដូចជាការរៀបចំក្រុងនិងផ្នែកផ្សេងទៀត រួមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការល្អលើវិស័យបរិស្ថាន នៅក្នុងតំបន់ផងដែរ ព្រោះឆ្នាំនេះ កម្ពុជាជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ាន ដែលគ្រោងរៀបចំនាខែតុលាខាងមុខ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា៕