ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ខេត្តព្រះសីហនុត្រូវការស្ថានីយចម្រោះទឹក៤កន្លែង ទើបអាចចម្រោះទឹកកខ្វក់បានទាន់ពេលវេលា


(ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ខេត្តព្រះសីហនុត្រូវការស្ថានីយចម្រោះទឹក៤កន្លែង ទើបអាចចម្រោះទឹកកខ្វក់បានទាន់ពេលវេលា ដើម្បីកុំឱ្យទឹកកខ្វក់ហូរចូលទៅក្នុងសមុទ្រ ក្នុងនោះដែរត្រូវប្រើប្រាស់លូមេចំនួន១៥៧គីឡូម៉ែត្រ ដើម្បីបង្វែរទឹកកខ្វក់ចូលទៅក្នុងអាងចម្រោះទឹកកង្វក់នេះ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីក្នុង សិក្ខាសាលាស្តីពីលទ្ធផលនៃការរៀបចំផែនការមេ និងការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់នៅក្រុងព្រះសីហនុ។ កម្មវិធីនេះមានការចូលរួមពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល  បានថ្លែងថា បើសិនជាយើងមិនបានធ្វើអាងចម្រោះទឹកកខ្វក់ឱ្យបានលឿននោះទេ គឺយើងនឹងមិនអាចថែរក្សាឆ្នេរសមុទ្រដ៏ស្អាតរបស់យើងបាននោះទេ ដែលជាក់ស្តែងអាងចម្រោះទឹកនៅពេលបច្ចុប្បន្ននេះ គឺមិនអាចចម្រោះទឹកកខ្វក់បានគ្រប់គ្រាន់នោះទេ ដូច្នេះហើយយើងនឹងព្យាយាមកែរច្នៃធ្វើអាងចម្រោះទឹកកខ្វក់ ដែលមានសមត្ថភាពអាចចម្រោះទឹកឱ្យបាន៤ម៉ឺនម៉ែត្រគីប ក្នុងមួយថ្ងៃនៅឆ្នាំ២០២១។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល  បានបន្ថែមទៀតថា នៅខេត្តព្រះសីហនុ ត្រូវការស្ថានីយចម្រោះទឹក៤កន្លែង ទើបអាចចម្រោះទឹកកង្វក់ បានទាន់ពេលវេលា ដើម្បីកុំឱ្យហូរចូលទៅក្នុងសមុទ្រ ក្នុងនោះដែរទឹកប្រើប្រាស់លូមេចំនួន១៥៧គីឡូម៉ែត្រ ដើម្បីបង្វែរទឹកកង្វក់ចូលទៅក្នុងអាងចម្រោះទឹក ដែលក្នុងនោះដែរនៅមានលូរង សម្រាប់បង្ហូរចេញពីផ្ទះសំណាក់ និងសណ្ឋារគារ រាប់រយគីឡូម៉ែត្រទៀត ដើម្បីបង្ហូរចូលទៅលូមេ ដែលនេះគឺត្រូវចំណាយថវិកាយ៉ាងច្រើនផងដែរ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ដែរថា ចំណូលដែលត្រូវយកមកប្រើប្រាស់ក្នុងការធ្វើអាងចម្រោះទឹក ដើម្បីឱ្យសម្រេចតាមគោលដៅនេះ នឹងត្រូវយកពីផ្ទះសំណាក់ សណ្ឋាគារ នឹងផ្ទះរបស់ប្រជាពលរដ្ឋខ្លះផងដែរ ដើម្បីយកមកជួសជុស សាងសង់ និងទុកសម្រាប់ថែទាំអាងចម្រោះទឹកកង្វក់នេះផងដែរ។

សូមបញ្ជាក់ដែរថា បើយោងតាមសេចក្តីព្រាងផែនការមេ បរិមាណទឹកកខ្វក់ក្នុងក្រុងព្រះសីហនុត្រូវបានប៉ាន់ប្រមាណថា មានចំនួនប្រមាណ ២៥,៧០០ម៉ែត្រគូប/ថ្ងៃ នៅឆ្នាំ២០១៨ និងមានបរិមាណប្រមាណ ៤៧,០០០ម៉ែត្រគូប/ថ្ងៃ នៅឆ្នាំ២០២៣ និងប្រមាណ ៦៤,០០០ ម៉ែត្រគូប/ថ្ងៃ នៅឆ្នាំ២០៣០។

ផែនការមេបានបែងចែកផ្ទៃប្រមូលទឹកកខ្វក់ចំនួន៨ ដោយត្រូវសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៤ និងការសាងសង់បណ្តាញលូមេប្រវែង១៥៧គីឡូម៉ែត្រ បណ្តាញលូមេរងប្រវែង ៦៥គីឡូម៉ែត្រ និងបណ្តាញលូលូតភ្ជាប់ពីលំនៅដ្ឋាន និងអគារពាណិជ្ជកម្មប្រវែង ២១០គីឡូម៉ែត្រ។ តាមរបាយការណ៍ពីមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុកាលពីឆ្នាំកន្លងទៅ ក្រុងព្រះសីហនុបានទទួលភ្ញៀវទេសចរ សរុបប្រមាណជាង ២លាននាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិចំនួន ៤៧០,០០០នាក់។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការ បន្ទាន់ពីសន្ទុះអភិវឌ្ឍដ៏ឆាប់រហ័សរបស់ទីក្រុងព្រះសីហនុ ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់សម្រាប់រយៈពេលខ្លី មធ្យម និងវែង ការវិនិយោគលើការសាងសង់ហេដ្ឋា-រចនាសម្ព័ន្ធ លើប្រព័ន្ធទឹកកខ្វក់នឹងត្រូវរៀបចំឡើងដូចខាងក្រោម៖

* ក្នុងឆ្នាំ២០១៩-២០២១ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់១ នឹងត្រូវសាងសង់ជាមួយនឹងសមត្ថភាពធ្វើប្រព្រឹត្តកម្មបាន ៤០,០០០ ម៉ែត្រគូប/ថ្ងៃ ស្ថានីយបូមបញ្ជូនទឹកកខ្វក់៦កន្លែង និងលូមេតាមបណ្តោយឆ្នេរសមុទ្រ៤៥គីឡូម៉ែត្រ លូតភ្ជាប់ពីលំនៅដ្ឋាន និងអគារពាណិជ្ជកម្ម ៤៧គីឡូម៉ែត្រ។

* ក្នុងឆ្នាំ២០២១-២០២៣ នឹងត្រូវសាងសង់លូមេប្រវែង៦៩គីឡូម៉ែត្រ លូមេរងប្រវែង ៣៩.៨គីឡូម៉ែត្រ លូតភ្ជាប់ពីលំនៅដ្ឋាន និងអគារពាណិជ្ជកម្មប្រវែង ៩២.១គីឡូម៉ែត្រ។

* ក្នុងឆ្នាំ២០២៣-២០៣០ ស្ថានីយអាចនឹងពង្រីកសមត្ថភាពប្រព្រឹត្តកម្មដល់ ៦០,០០០ ម៉ែត្រគូប ឬ ៨០,០០០ ម៉ែត្រគូប ថ្ងៃ យោងតាមតម្រូវការហើយនឹងសាងសង់ស្ថានីយចំនួន២ទៀត ដែលមានសមត្ថភាពធ្វើប្រព្រឹត្តកម្មបានពី ៨,០០០ម៉ែត្រគូប ថ្ងៃ ទៅ ៩,០០០ ម៉ែត្រគូប/ថ្ងៃ និងស្ថានីយបូមបញ្ជូនទឹកកខ្វក់ ២កន្លែង រួមជាមួយលូមេប្រវែង ៤៣គីឡូម៉ត្រ លូមេរងប្រវែង ២៤.៩គីឡូម៉ែត្រ លូតភ្ជាប់ពីលំនៅដ្ឋាន និងអគារពាណិជ្ជកម្មប្រវែង ៧១.២គីឡូម៉ែត្រ៕