សិក្ខាសាលាស្ដីពីលទ្ធផលនៃការរៀបចំផែនការមេ និងការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ នៅទីក្រុងព្រះសីហនុ


ថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើក និងបិទសិក្ខាសាលាស្ដីពីលទ្ធផលនៃការរៀបចំផែនការមេ និងការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់នៅទីក្រុងព្រះសីហនុ។

សិក្ខាសាលានេះរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុន BUCG និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីជំនាញទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងស្ថាប័នពាក់ព័ន្ធ ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោក Otto Van ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន BUCG ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក Ken Luk នាយកប្រតិបត្តិផ្នែកធនធានទឹកអាស៊ី នៃក្រុមហ៊ុន AECOM និងដៃគូអភិវឌ្ឍន៍នានាផងដែរ។

សិក្ខាសាលានេះមានការធ្វើបទបង្ហាញពីមន្ត្រីជំនាញរបស់ក្រសួង និងក្រុមហ៊ុន BUCG ទាក់ទងនឹងលទ្ធផលនៃការរៀបចំផែនការមេ និងការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់នៅទីក្រុងព្រះសីហនុ សំដៅប្រមូលធាតុចូលបន្ថែមទៀតពីសំណាក់សិក្ខាកាម ដើម្បីធានាឱ្យផែនការមេនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ មានប្រសិទ្ធភាពខ្ពស់ទាំងលើការគ្រប់គ្រងទឹកកខ្វក់ ការរក្សាបាននូវអនាម័យបរិស្ថានល្អ និងគុណភាពហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានានៅក្នុងខេត្ត។

ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលា ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា យើងមានអាងច្រោះទឹកកខ្វក់មួយដែលមានទំហំដី ១៦,២ហិចតា ដែលបច្ចុប្បន្នមានសមត្ថភាពច្រោះទឹកកខ្វក់បានប្រមាណ៣០.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ តាមរយៈការប្រើប្រាស់ម៉ាស៊ីនបាញ់ខ្យល់ ដើម្បីបង្កើនបរិមាណចម្រោះទឹកកខ្វក់នៅក្នុងស្ថានីយប្រព្រឹត្តិកម្ម ប៉ុន្តែបរិមាណនេះមិនអាចឆ្លើយតបទៅនឹងបរិមាណទឹកកខ្វក់ដែលត្រូវបានបញ្ចេញពីប្រភពប្រើប្រាស់នានានៅក្នុងខេត្តឡើយ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចតេជានាយករដ្ឋមន្ត្រី បានគិតគូរយ៉ាងយកចិត្តទុកដាក់បំផុត រិះរកគ្រប់មធ្យោបាយ និងនីតិវិធីធ្វើយ៉ាងណាមិនឱ្យទឹកកខ្វក់ហូរចូលទៅក្នុងសមុទ្រដោយផ្ទាល់ឡើយ។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្តថា ដើម្បីគ្រប់គ្រងទឹកកខ្វក់ឱ្យមានប្រសិទ្ធភាព ក្រសួងត្រូវការផែនការមេមួយជាក់លាក់ សំដៅធ្វើឱ្យទីក្រុងពហុមុខងារមួយនេះមានប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ដែលមានប្រសិទ្ធភាពខ្ពស់ស្របតាមការអភិវឌ្ឍ និងការពង្រីកវិសាលភាពរបស់ខេត្តនោះយ៉ាងគំហុក។

ផ្អែកលើលទ្ធផលសេចក្ដីព្រាងផែនការមេ និងការសិក្សាសមិទ្ធិលទ្ធភាព បានបង្ហាញថា ចាប់ពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២១ ស្ថានីយប្រព្រឹត្តិកម្មនោះមានសមត្ថភាពច្រោះទឹកកខ្វក់បានចំនួន ៤០.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ និងពី ៦០.០០០ ទៅ ៨០.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ២០៣០ តាមរយៈការពង្រីកសមត្ថភាពស្ថានីយប្រព្រឹត្តិកម្ម និងការប្រើប្រាស់បច្ចេកវិទ្យាមេកានិក ក៏ដូចជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូមេ លូខ្នែង លូតភ្ជាប់ទៅប្រភពប្រើប្រាស់ និងការសាងសង់ស្ថានីយបូមទឹកកខ្វក់ជាដើម។

សូមបញ្ជាក់ផងដែរថា៖ ទីក្រុងនេះបានពង្រីកវិសាលភាពរបស់ខ្លួនយ៉ាងឆាប់រហ័ស ដោយមានការអភិវឌ្ឍជាសំណង់ពាណិជ្ជកម្ម រោងចក្រ សណ្ឋាគារ ផ្ទះសំណាក់ ខុនដូ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន រមណីយដ្ឋានទេសចរណ៍ឆ្នេរសមុទ្រ ដោយសារទីតាំងភូមិសាស្ត្រអំណោយផល ជាហេតុធ្វើឱ្យកំណើនកាកសំណល់ ជាពិសេសកាកសំណល់ទឹកកខ្វក់មានបរិមាណកើនឡើងលើសពីការរំពឹងទុក។

ថ្លែងនៅក្នុងសុន្ទរកថាបិទសិក្ខាសាលា ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងមិនត្រឹមតែសិក្សាផែនការមេក្នុងខេត្តព្រះសីហនុប៉ុណ្ណោះទេ តែក៏សិក្សាផែនការមេគ្រប់គ្រងទឹកកខ្វក់ និងទឹកភ្លៀងនៅតាមបណ្ដាខេត្តមួយចំនួនដូចជា ខេត្តកំពត កែប កោះកុង កំពង់ចាម និងខេត្តផ្សេងទៀតនៅទូទាំងប្រទេសផងដែរ។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានសម្ដែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសិក្ខាកាមមកពីក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ដែលបានចូលរួមផ្ដល់ជាយោបល់ ព្រមទាំងលើកជាសំណួរដេញដោលបានផុសផុល ព្រោះថារាល់មតិយោបល់ និងសំណួរចម្លើយ គឺជាធាតុចូលយ៉ាងសំខាន់ ដើម្បីធានាថាផែនការមេនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានដោយភាពរលូន៕