កិច្ចប្រជុំសាមញ្ញលេីកទី៣​ របស់ក្រុមប្រឹក្សាខេត្តសៀមរាប​ អាណត្តិទី៣​


ព្រឹកថ្ងៃចន្ទ​ ១១រោច​ ខែស្រាពណ៌​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី២៦​ ខែសីហា​ ឆ្នាំ២០១៩​ មានបេីកកិច្ចប្រជុំសាមញ្ញលេីកទី៣​ របស់ក្រុមប្រឹក្សាខេត្តសៀមរាប​ អាណត្តិទី៣​ ក្រោមកិច្ចដឹកនាំប្រជុំ​ ឯកឧត្តម​ អ៉ឹង​ ហឿន​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងលោក​ ពៅ​ ពិសិដ្ឋ​ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ ដេីម្បីពិភាក្សា​ និងអនុម័តលេីរៀបវារៈសម័យប្រជុំសាមញ្ញលេីកទី៣នេះ​ ដែលមានចំនួន​ ៧ចំណុច​ និងមានការអញ្ជេីញចូលរួមពីសំណាក់​ ឯកឧត្តម​ លោកជំទាវ​ ជាសមាជិក​ សមាជិកាក្រុមប្រឹក្សាខេត្ត​ គណៈអភិបាល​ខេត្ត អាជ្ញាធរអប្សរា​ លោក​ លោកស្រី​ ថ្នាក់ដឹកនាំ​ មន្ទីរ-អង្គភាព​ ជុំវិញខេត្ត​ កងកម្លាំងប្រដាប់អាវុធទាំងបី នាយក​ នាយករងរដ្ឋបាលសាលាខេត្ត​ នាយក​ នាយករង​ ទីចាត់ការ​ អង្គភាព​ ចំណុះរដ្ឋបាលខេត្តទាំងអស់។

កិច្ចប្រជុំសាមញ្ញលេីកទី៣​ របស់ក្រុមប្រឹក្សាខេត្តសៀមរាប​ អាណត្តិទី៣​នេះដែរ​ អង្គប្រជុំក៏បានធ្វេីការពិនិត្យ​ ពិភាក្សា​ និងអនុម័ត​ ទៅរៀបវារៈកិច្ចប្រជុំទាំង​ ៧ចំណុច​ ក្នុងនោះដែរសមាជិក​ សមាជិកា​ ក្រុមប្រឹក្សាខេត្តក៏បានលេីកជាសំណួរ​ សំណូមពរ​ និងពិនិត្យទៅលេីខ្លឹមសារមួយចំនួន។ ​ ជាមួយគ្នានេះដែរអង្គប្រជុំក៏បានលេីកឡេីង​ និងផ្តោតទៅលេីការងារធនធានរ៉ែ​ គឺត្រូវយកចិត្តទុកដាក់ខ្ពស់លេីបញ្ហាអ្នកប្រកបអាជីកម្ម​ ទីតាំង​លក់​ និងកន្លែងបញ្ចូលហ្គាសទាំងអស់ក្នុងក្រុង​ និងខេត្តសៀមរាប​ តម្រូវឱ្យម្ចាស់ទីតាំងអាជីវកម្មមកដាក់ពាក្យសុំលិខិតអនុញ្ញាត​ ដែលត្រូវគោរពតាមលក្ខខណ្ឌ​ និងបទដ្ឋានបច្ចេកទេស​ អនុលោមតាមច្បាប់ជាធរមាន។

ម្យ៉ាងទៀត​ អង្គប្រជុំបានជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តរៀបចំសណ្តាប់ធ្នាប់សាធារណៈក្នុងក្រុងសៀមរាប​ ក៏ដូចជាទីប្រជុំជន​ ដេីម្បីមានសណ្តាប់ធ្នាប់របៀបរៀបរយ និងរៀបចំ​ កែលម្អសោភ័ណភាពបន្ថែមទៀត៕