រដ្ឋមន្ត្រីក្រសួងការងារ ផ្ដល់អនុសាសន៍ឱ្យយុវជនអាស៊ីអាគ្នេយ៍ សិក្សាពីភាពរីកចម្រើន របស់ប្រទេសនីមួយៗ ដើម្បីយកមកធ្វើការអភិវឌ្ឍកម្ពុជា


ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជា   ជីវៈ បានផ្ដល់អនុសាសន៍ល្អៗជាច្រើនក្នុងគោលបំណង ជំរុញឱ្យពួកគេខិតខំសិក្សាឱ្យបានច្បាស់ពីភាពរីកចម្រើនរបស់ប្រទេសនីមួយៗ ដើម្បីពាំនាំនូវបទពិសោធន៍ល្អៗ យកមកចូលរួមអភិវឌ្ឍន៍ប្រទេសជាតិរបស់ខ្លួន ព្រមទាំងចែករំលែកពីការអភិវឌ្ឍ កំណើនសេដ្ឋកិច្ចរបស់កម្ពុជាទៅប្រទេសទាំងនោះវិញ។ ការផ្តល់អនុសាសន៍នេះធ្វើឡើងក្នុងឱកាសទទួលជួបជាមួយគណៈប្រតិភូយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ៣៣រូប នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ ។

ឯកឧត្តមរដ្ឋមន្រ្ដីបានផ្ដល់ការណែនាំថា «យុវជនកម្ពុជា ត្រូវខិតខំសិក្សាឈ្វេង យល់បន្ថែមទៀត អំពីចំណេះដឹងទូទៅទាក់ទងនឹងស្ថាប័ន តំបន់ និងអន្តរជាតិនានា ដែលកម្ពុជាជាសមាជិក រួមទាំងអត្ថប្រយោជន៍ដែលកើតចេញពីកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសទាំងនោះសម្រាប់កម្ពុជា»។

ឯកឧត្តមបានបន្ដថា យុវជនដែលជាប្រតិភូទាំងអស់ត្រូវយកចិត្តទុកដាក់ និងសិក្សារៀនសូត្រពីស្ថានភាពរបស់ប្រទេសដទៃ និងអំពីភាពរីកចម្រើនរបស់ប្រទេសនោះ ដើម្បីពាំនាំនូវចំណុចល្អៗយកមកអភិវឌ្ឍន៍ប្រទេសរបស់ខ្លួន។ ជាពិសេសយុវជនទាំងអស់ត្រូវធ្វើជាមគ្គុទ្ទេសក៍ដ៏ល្អ ជាអ្នកការទូតតំណាងឱ្យកម្ពុជា រក្សាឱ្យបាននូវកិត្តិយស តម្លៃ និងវប្បធម៌របស់ជាតិ ដោយត្រូវព្យាយាមលើកកម្ពស់វប្បធម៌ ទេសចរ ណ៍ និងអត្តសញ្ញាណជាតិ ព្រមទាំងរក្សានូវទំនាក់ទំនងល្អជាមួយយុវជនបណ្តាប្រទេសដទៃទៀត។ ព្រមជាមួយគ្នានេះសូមក្មួយៗ ត្រូវចេះស្រឡាញ់ យោគយល់អធ្យា ស្រ័យ សាមគ្គីគ្នា និងធ្វើការងារជាក្រុមឱ្យបានល្អ ដើម្បីនាំកិត្តិយសជូនជាតិមាតុភូមិយើង ដូចសុភាសិតខ្មែរលើកឡើងថា «នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ»។

លោក ណៃ សែមណារ័ត្ន អនុប្រធានសមាគមនាវាយុវជនអាស៊ីអាគេ្នយ៍កម្ពុជា បានលើកឡើងថា គណៈប្រតិភូយុវជនទំាងអស់មានការខិតខំរៀនសូត្រ និងរឹតចំណងមិត្តភាព ចែករំលែកនូវវប្បធម៌នៃប្រទេសនីមួយៗ ក្នុងការជួយដល់សង្គមជាតិ។  លោកបន្តថា វាជាកម្មវិធីលើកទី៤៦ហើយសម្រាប់ឆ្នាំ២០១៩នេះ ដែលមានរយៈពេល ៥១ថ្ងៃ (ពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩) ដោយនាវានឹងចូលចតក្នុងប្រទេសចំនួន ៥ គឺ៖ ប្រទេសជប៉ុន វៀតណាម សិង្ហបុរី មីយ៉ានម៉ា និង ប្រទេសម៉ាឡេស៊ី។ មុនពេលចូលកម្មវិធីនេះ ប្រតិភូយុវជនកម្ពុជាទាំងអស់ក៏បានទទួលការបណ្តុះ បណ្តាលមុនពេលចេញដំណើររយៈពេល ៣ខែ (គិតចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩)។

សូមបញ្ជាក់ថា រៀងរាល់ឆ្នាំកម្មវិធីនេះតែងតែបាននាំមកនូវការជួបជុំ រវាងយុវជនអាស៊ាន និងជប៉ុន ជាង ៣០០នាក់។ ពេលនាវាចូលចតនៅតាមបណ្តាកំពង់ផែនៃប្រទេសនីមួយៗ ប្រតិភូយុវជនទាំងអស់នឹងធ្វើទស្សនកិច្ចសិក្សានៅតាមស្ថាប័ន គ្រឹះ ស្ថាននានារបស់ប្រទេសនោះ។ ជាពិសេសមានឱកាសបានចូលជួបសម្តែងការគួរសមជាមួយប្រមុខរដ្ឋាភិបាល ក៏ដូចជាព្រះអង្គម្ចាស់ និងម្ចាស់ក្សត្រីនៃប្រទេសជប៉ុនផងដែរ ។ ដោយឡែក សកម្មភាពនៅលើនាវារួមមាន៖ ការពិភាក្សាជាក្រុម ការសម្តែងសិល្បៈ និងវប្បធម៌នៃប្រទេសនីមួយៗ និងសកម្មភាពផ្សេងៗ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង  និងផ្លាស់ប្តូរបទពិសោធន៍របស់យុវជនទាំងអស់ ៕