ក្រុមហ៊ុនហុងកុង ចាប់ដៃជាមួយ ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ អភិវឌ្ឍទីក្រុងនាគ នៅក្នុងតំបន់បឹងទំពុន និងជើងឯក លើផ្ទៃដី២៥ហិកតា


ក្រុមហ៊ុន អាយអិនជី ហូលឌីង បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើបមួយ ហៅថា ទីក្រុងនាគ ស្ថិតនៅក្នុងទីក្រុងរណបតំបន់បឹងទំពុន និងជើងឯក ជាមួយក្រុមហ៊ុន ខូសវ៉េបេ គ្រុប (Causeway Bay Group) និង ក្រុមហ៊ុន ស៊ីណូ បេ ខន់ស្ត្រាក់សិន អ៊ីនវេសមេន (SINO Bay Construction Investment) មកពីទីក្រុង ហុងកុង។

ទីក្រុងរណបតំបន់បឹងទំពុន និងជើងឯក ឬហៅថា អ៊ឹង ស៊ីធី (ING City) ដែលជាទីតាំងគម្រោងទីក្រុងនាគត្រូវអភិវឌ្ឍ គឺជាតំបន់មានការរីកចម្រើនខ្លាំងខាងវិស័យធុរកិច្ច ទីតាំងទូលាយសំរាប់ផ្នែកឧស្សាហកម្ម និងលក្ខណៈអំណោយផលល្អ សម្រាប់ការអភិវឌ្ឍលំនៅដ្ឋាន មានភាពពេញលេញសំបូរបែបជាទីក្រុង មានសុវត្ថិភាព និងបរិស្ថានល្អប្រសើរជាមួយសួនច្បារ និងលំហរបៃតងនៅភាគខាងត្បូងរាជធានីភ្នំពេញ។

ពិធីចុះហត្ថលេខា បានប្រារព្ធធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភូកេត្រា ភ្នំពេញ ក្រោមអធិបតីភាពលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងថ្នាក់គ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុនទាំងបី រួមមាន លោកឧកញ៉ា លឹម រស់ និងលោកឧកញ៉ា លឹម ប៊ុនសួរ អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អាយអិនជី ហូលឌីង លោក Chen Zhi ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខូសវ៉េបេ គ្រុប និងលោក Zhuang Xiongming អគ្គនាយក ក្រុមហ៊ុន ស៊ីណូ បេ ខន់ស្ត្រាក់សិន អ៊ីនវេសមេន។

កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ នឹងចងសម្ព័ន្ធក្រុមហ៊ុនកម្ពុជា និងក្រុងហុងកុង ដើម្បីរួមកម្លាំងអភិវឌ្ឍទីក្រុងនាគ នៅក្នុងតំបន់បឹងទំពុន និងជើងឯក លើផ្ទៃដី៥.៤ហិកតា តាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ដែលគ្រោងនឹងចាប់ផ្តើមក្នុងឆ្នាំ២០២០។ គម្រោងនេះនឹងពង្រីកគ្របដណ្តប់លើផ្ទៃដីរហូតដល់២៥ហិកតា។

ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អាយអិនជី ហូលឌីង លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ បានលើកឡើងថា «ក្រុមហ៊ុន អាយអិនជី ហូលឌីង បានទទួលគោលការណ៍ពីរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍការពង្រីកទីក្រុងមកភាគខាងត្បូង ដែលត្រូវបានគេស្គាល់ថាទីក្រុង អ៊ឹង ស៊ីធី (ING City)»។

លោក​ឧកញ៉ាបញ្ជាក់ថា «ចក្ខុវិស័យរបស់យើង គឺឲ្យភ្នំពេញមានភាពសំបូរបែបរួមផ្សំដោយហាងទំនិញ ការិយាល័យធ្វើការ និងទីកន្លែងសំរាកលំហែរកំសាន្ត ប្រកបដោយភាពងាយស្រួល និងបរិស្ថានល្អប្រសើរបំផុត។ ដោយបានសង្កេតឃើញពីភាពជោគជ័យ នៃធុរកិច្ចរបស់ក្រុមហ៊ុន ខូសវ៉េបេ គ្រុប លើទីតាំងចំនួន ១០៩ កន្លែងក្នុងប្រទេសចិន និងទ្វីបអាស៊ី យើងខ្ញុំពិតជាមានសេចក្តីរំភើបចំពោះសម្ព័ន្ធភាព និងកិច្ចការដែលក្រុមហ៊ុនយើងនឹងធ្វើរួមគ្នា ដើម្បីបង្កើតឡើងនូវភាពអស្ចារ្យសំរាប់ទីក្រុង អ៊ឹង ស៊ីធី និងរាជធានីភ្នំពេញ»។

លោក Chen Zhi ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខូសវ៉េបេ គ្រុប មកពីទីក្រុងហុងកុង បានកត់សម្គាល់ថា កិច្ចព្រមព្រៀងនេះនឹងរួមចំណែកកសាងមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយ ដែលជាការឆ្លើយតបនឹងភាពរីកចំរើនដ៏ខ្លាំងក្លានៃសេដ្ឋកិច្ចកម្ពុជា និងការកើនឡើង នៃប្រជាជនក្នុងរាជធានីភ្នំពេញ។

លោក Chen Zhi បន្តថា «បើគេក្រឡេកមើលទីក្រុង ឌូបៃ កាលពី២០ឆ្នាំមុន ទឹកដីនោះគ្រាន់តែជាវាលខ្សាច់ប៉ុណ្ណោះ ក៏ប៉ុន្តែក្រោយមានការអភិវឌ្ឍ និងការវិនិយោគ ទីនោះបានក្លាយជាទីក្រុងលំដាប់ពិភពលោក និងជាមណ្ឌលធុរកិច្ចដ៏សំខាន់នៃតំបន់មជ្ឈឹមបូព៌ា ក៏ដូចជាទីក្រុងមួយក្នុងចំណោមទីក្រុង ធំជាងគេបំផុតលើលោក។ ហេតុដូចនេះ កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន អាយអិនជី ហូលឌីង នឹងជួយយើងកសាងមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយ នៅទីក្រុងភ្នំពេញ ដោយមានផ្សារទំនើប មណ្ឌលរថយន្ត មណ្ឌលសំភារសំណង់ អគារស្នាក់នៅរួម មណ្ឌលអាហារខ្នាតអន្តរជាតិ លំនៅដ្ឋានគ្រួសារ និងអគារទំនើបៗ ជាមួយនឹងការរចនាយ៉ាងពិសេស»។

នៅក្នុងឱកាសនោះ លោក Zhuang Xiongming អគ្គនាយក ក្រុមហ៊ុន ស៊ីណូ បេ ខន់ស្ត្រាក់សិន អ៊ីនវេសមេនដែលជាក្រុមហ៊ុនម៉ៅការសាងសង់សំរាប់គម្រោង «ទីក្រុងនាគ» បានគូសបញ្ជាក់ជូនអង្គពិធីថា៖ «គម្រោងទីក្រុងនាគ នេះ គឺជាគម្រោងដ៏សំខាន់ដែលរួមគ្នាអភិវឌ្ឍដោយក្រុមហ៊ុន អាយអិនជី ហូលឌីង ក្រុមហ៊ុន ខូសវ៉េបេ គ្រុប និង ក្រុមហ៊ុន ស៊ីណូ បេ ខន់ស្ត្រាក់សិន អ៊ីនវេសមេន។ ទីក្រុងនេះនឹងត្រូវរចនាឡើងជាមួយគំនិតរចនាបែបសកល និងរួមបញ្ចូលប្រព័ន្ធ Habitat-Building ដែលកំពុងមានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតនូវគំរូនៃការរស់នៅប្រកបដោយគុណភាព ពោរពេញដោយរស្មីព្រះអាទិត្យ ភ្លៀង ភាពកក់ក្តៅ និងសេចក្តីរីករាយ»។

គួរបញ្ជាក់ថា ការអភិវឌ្ឍទីក្រុងរណប អ៊ឹង ស៊ីធី (ING City) បានចាប់ផ្តើមកាលពីឆ្នាំ២០០៧ ហើយមហាវិថីសម្តេចតេជោ ហ៊ុន សែន ដែលលាតសន្ធឹងប្រវែង ៩,១គីឡូម៉ែត្រ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាសាធារណៈកាលពីខែ មេសា ឆ្នាំ២០១៧។ ការអភិវឌ្ឍតំបន់បឹងទំពុន និងជើងឯក គឺដើរស្របគ្នានឹងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច បានចង្អុលបង្ហាញពីយុទ្ធសាស្ត្រពង្រីកទីក្រុងទៅភាគខាងត្បូងរាជធានីភ្នំពេញ៕