នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៣៨ នៃទិវាជ័យជំនៈ៧មករា ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល


នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិ ប្រចាំស្រុកកណ្តាលស្ទឹង នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧នេះ បានថ្លែងថា មានតែអ្នកចង់ឲ្យរបបប្រល័យពូជសាសន៍ វិលត្រឡប់មកវិញ និងចង់ប្រើប្រាស់កម្ពុជា ដើម្បីសម្រេច គោលដៅបំរើ គោលបំណងរបស់ខ្លួន ដោយពុំគិតដល់អាយុជីវិត របស់ប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលប្រឆាំងនឹងថ្ងៃជ័យជំនះ ៧មករា។

ការថ្លែងរបស់នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង  យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសដែលលោក រួមនឹងប្រជាពលរដ្ឋ ក្នុងស្រុកកណ្តាលស្ទឹង ប្រមាណ១៦០០នាក់ ចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៣៨ នៃទិវាជ័យជំនៈ៧មករា (០៧ មករា ១៩៧៩ -០៧ មករា ២០១៧)។

នាយឧត្តមសេនីយ៍ បានថ្លែងថា បើគ្មានថ្ងៃ៧មករាទេ គ្មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣តុលា  ហើយក៍គ្មានសិទ្ធមនុស្សដែរនៅកម្ពុជា។

នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង បានថ្លែងទៀតថា ថ្ងៃ៧មករា ឆ្នាំ១៩៧៩  គឺជាថ្ងៃជ័យជំនះជាប្រវត្តិសាស្ត្រ របស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជា ហើយបានបើកឡើង នូវទំព័រសករាជថ្មីគឺ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

នាយឧត្តមសេនីយ៍ បានថ្លែងទៀតថា «ថ្ងៃនេះគឺជាទិវាដ៏មហានក្ខត្តឫទ្ធិដែលប្រជាជនកម្ពុជា ទូទាំងប្រទេស ចូលរួមដោយសេចក្តី សោមនស្សរីករាយក្រៃលែង ជាមួយនឹងមោទនភាពដ៏ថ្លៃថ្លាចំពោះ សមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រយ៉ាងច្រើន ដែលប្រជាជនយើង សម្រេចបាន ក្នុងរយៈពេល៣៨ឆ្នាំកន្លងមកនេះ»

នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង បានបន្ថែមថា ស្មារតីជ័យជំនះ៧មករា ស្ថិតស្ថេរ និងរស់រវើកជានិច្ច ក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជា គ្រប់ៗរូប និងគ្រប់ជំនាន់តទៅមុខទៀត ស្មារតី៧មករា ជាពន្លឺបង្ហាញផ្លូវយើងឆ្លងកាត់នូវឧបសគ្គ និងការលំបាកនានា ឆ្ពោះទៅរកជ័យជំនះ គ្មានទីបញ្ចប់៧មករា ស្មារតី សន្តិភាព បង្រួបបង្រួមជាតិ។

នាយឧត្តមសេនីយ៍ លើកឡើងទៀតថា ពេលនេះប្រជាជនកម្ពុជា កំពុងឈានចូលឆ្នាំ២០១៧ ដែលជាឆ្នាំទី៤ នៃការអនុវត្តន៍កម្មវិធី នយោបាយនិង យុទ្ធសាសស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៥ នៃរដ្ឋសភាជាមួយ នឹងសោមនស្សរីករាយ ចំពោះសមិទ្ធផលគ្រប់បែបយ៉ាងលើគ្រប់វិស័យ៕