ឯកឧត្តម គួច ចំរើន ចុះពិនិត្យស្ថានភាពប្រព័ន្ធ​ អូរ​ ប្រឡាយ​ លូ ក្នុងភូមិសាស្រ្តសង្កាត់លេខ៤ ក្រុងព្រះសីហនុ


ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញ​ នៃមន្ទីរ​ អង្គភាពពាក់ព័ន្ធ​ ចុះពិនិត្យប្រព័ន្ធលូ អូរ​ ប្រឡាយ​រំដោះទឹកភ្លៀង ស្ថិតនៅក្នុងភូមិ២ និងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ នារសៀលថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ។

ក្នុងឱកាសចុះពិនិត្យស្ថានភាពភូមិសាស្ត្រលូរំដោះទឹកនៅក្នុងភូមិ២ និងភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ឯកឧត្តម គួច ចំរើន បានណែនាំដល់មន្ត្រីជំនាញ ពិនិត្យមើលប្លង់ប្រព័ន្ធ​ និងចំណីផ្លូវ ។ ដោយសារតែប្រព័ន្ធលូចាស់មានទំហំតូច​ មិនអាចរំដោះទឹកបានទាន់ពេល ត្រូវដាក់ជំនួសនូវប្រព័ន្ធលូ ដែលមានមុខកាត់ធំជាងមុន ដើម្បីឱ្យទឹកហូរបានលឿនក្នុងការជួយសម្រួលការលិចលង់ ជូនបងប្អូនប្រជាពលរដ្ឋនៅពេលមានភ្លៀងបានទាន់ពេលវេលា ។

ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានមានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋ សូមមានការយោគយល់ ព្រោះការចុះមកពិនិត្យប្រព័ន្ធ លូ អូរ​ ប្រឡាយនាពេលនេះ គឺដើម្បីជួយសម្រួលដល់ការលិចលង់ដោយសារជំនន់ទឹកភ្លៀងនាពេលបច្ចុប្បន្ន ស្របពេលដែលខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងលឿន ហើយប្រព័ន្ធលូ អូរ​ ប្រឡាយមិនទាន់ឆ្លើយតបតាមតម្រូវការ នៃប្រព័ន្ធទឹកហូរ ប្រព័ន្ធលូខ្លះត្រូវដីហូរចូលស្ទើរតែពេញ ។ ម្យ៉ាងទៀតតំបន់មួយចំនួនជាផ្ទៃដីរងទឹកភ្លៀង ត្រូវបានចាក់ដីបំពេញប្រែក្លាយជាអគារពាណិជ្ជកម្ម សណ្ឋាគារ កាស៊ីណូ ផ្ទះសំណាក់ ។ល។ នៅពេលភ្លៀងម្តងៗ​ធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋ នៅតាមតំបន់ទំនាបមួយចំនួននៅក្នុងក្រុងព្រះសីហនុ រដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកំពុងគិតគូរអំពីបញ្ហាប្រព័ន្ធលូ អូរ ប្រឡាយ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាដើម ៕​