នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ប្រាប់មេទ័ពអាមេរិកថា កម្ពុជានឹងអភិវឌ្ឍកងទ័ពជើងទឹកបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពការពារដែនសមុទ្រដោយខ្លួនឯង


នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានប្រាប់ទៅភាគីអាមេរិកលោកឧត្តមនាវី ដេវីត សុន ជាមេបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិក របស់អាមេរិកថា នៅពេលខាងមុខនេះ កងយោធពលខេមរភូមិន្ទនឹងអភិវឌ្ឍកងទ័ពជើងទឹក ហើយកងទ័ពជើងទឹកកម្ពុជា នឹងទទួលបាននាវាមួយចំនួន ដើម្បីពង្រឹងសមត្ថភាព ការពារបូរណភាពទឹកដី និងការពារដែនសមុទ្ររបស់ខ្លួន។

ការបញ្ជាក់បែបនេះរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ បន្ទាប់ពីនាយឧត្តមសេនីយ៍ បានដឹកនាំគណៈប្រតិភូអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ត្រឡប់ពីចូលរួមសន្និសីទអគ្គបញ្ជាការ នៃការការពារជាតិតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ប្រទេសថៃរយៈ ៣ថ្ងៃ ក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការដោយសេរី និងបើកទូលាយនូវឥណ្ឌូ-ប៉ាស៊ីហ្វិក» ដែលមានប្រទេសចំនួន៣២បានចូលរួម។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅពេលខាងមុខនេះ កងយោធពលខេមរភូមិន្ទនឹងធ្វើការអភិវឌ្ឍកងទ័ពជើងទឹក ក្នុងនោះ ក៏មានការអភិវឌ្ឍផែ អភិវឌ្ឍអ៊ូរ គឺជាកន្លែងសម្រាប់ជួសជុល ថែនាំនាវា ព្រោះថា ក្នុងពេលខាងមុខនេះ កងទ័ពជើងទឹកនឹងទទួលបាននាវាមួយចំនួន ដើម្បីពង្រឹងសមត្ថភាព ការពារបូរណភាពទឹកដី និងការពារដែនសមុទ្ររបស់យើង អញ្ចឹងទេការធ្វើទាំងអស់នេះ គឺជាកងយោធពលខេមរភូមិន្ទសុទ្ធសាធ គឺជារបស់កម្ពុជា មិនមែនជារបស់អ្នកណាដូចដែលប្រព័ន្ធផ្សព្វផ្សាយដែលបានលើកឡើងនោះទេ»

តែទោះយ៉ាងក្តីនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏មិនទាន់បានបញ្ជាក់ឱ្យច្បាស់លាស់នូវចំនួននាវាព្រមទាំងទំហំ កម្រិត និងផលិតរបស់ប្រទេសណាមួយឱ្យច្បាស់លាស់នោះទេ ចំពោះកិច្ចការអភិវឌ្ឍកងទ័ពជើងទឹក គឺរង់ចាំដល់ថ្ងៃនោះទាំងអស់គ្នា។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំលើកនេះ កម្ពុជា ទទួលបានលទ្ធផលជាទីគាប់ចិត្ត ជាពិសេសធ្វើឱ្យមុខមាត់របស់កងយោធពលខេមរភូមិន្ទកម្ពុជា នៅលើឆាកអន្តរជាតិ អ្វីដែលកាន់តែពិសេសជាងនោះទៅទៀតនោះ គឺថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ បានស្គាល់មេដឹកនាំ នៃអគ្គមេបញ្ជាការរបស់ប្រទេសនានា នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំង ៣២ប្រទេស ផងដែរ។

បន្ថែមពីនេះ កងយោធពលខេមរភូមិន្ទកម្ពុជា បានជជែកពិភាក្សាគ្នា និងស្តាប់នូវយុទ្ធសាស្ត្រផ្សេងៗ របស់ថ្នាក់ដឹកនាំកងទ័ព របស់ប្រទេសនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ព្រមទាំងការចែករំលែកបទពិសោធន៍ពីបណ្តាប្រទេសមួយចំនួនជុំវិញ បញ្ហាសភាពការណ៍នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ទាំងមូលផងដែរ៕